ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយស្ត្រីម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ត RAV4 ក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុករះម៉ូតូ២គ្រឿងចំពីក្រោយបណ្ដាលឲ្យរងការខូចខាត សំណាងល្អរងរបួសស្រាល រួចបើករថយន្តបង្ករត់ជាច្រើនគីឡូម៉ែត្រទើបឃាត់ជាប់ ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរផ្សារបេសេ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រូបគាត់បានជិះម៉ូតូហង់ដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AY.0068 បានជិះតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់ក្បែរផ្សារបេសេ ក៏ត្រូវរថយន្តបង្កម៉ាក RAV4 ពាក់ស្លាកលេខ ភ្នំពេញ 2AK.0395 ដែលបើកបរដោយស្ត្រីម្នាក់ស្រវឹងស្រាឡើងទន់ខ្លួន ទិសដៅស្របគ្នា ហើយបានបុករះម៉ូតូជនរងគ្រោះ និងម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរស្របគ្នា ពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលរងការខូចខាត សំណាងល្អម្ចាស់ម៉ូតូទាំង២គ្រឿងរងរបួសស្រាល ហើយក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ គឺបានបើករត់រហូតដល់កែងផ្លូវ២៧១ ទើបប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះបានជិះម៉ូតូជួយដេញរហូតឃាត់ជាប់។
ក្រោយមកសមត្ចកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមនោះស្ត្រីម្ចាស់រថយន្តបង្កបានសងថ្លៃខូចខាតទៅលើម៉ូតូមួយគ្រឿងម៉ាកឃ្លិច គ្មានស្លាកលេខចំនួន៥០ដូលារ និងសងថ្លៃខូចខាតរួមថ្លៃរបួសទៅលើម្ចាស់ម៉ូតូហង់ដាឌ្រីមផងដែរ ។
សូមបន្ថែមផងដែរថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចថាចរណ៍ខាងលើ មានក្រុមអ្នកសារព័ត៌មានបានចុះទៅថតយករូបភាពខាងលើ គឺស្ត្រីម្ចាស់រថយន្តបង្កបានយកទូរស័ព្ឋដៃគប់លើអ្នកសារព័ត៌មានថែមទៀត ដោយមិនដឹងថា ខ្លួនឯងកំពុងតែធ្វើខុសច្បាប់នោះទេ៕ ភារ៉ា ដង្កោ