ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ជាមួយនឹងសារធាតុញៀន២កញ្ចប់តូច ត្រូវបាននគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួន ពេលដែលចុះល្បាតទៅប្រទះឃើញ ។
ករណីចុះល្បាត និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំនុចឡូកៅស៊ូលេខ២៥ ភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ពេលដែលចុះល្បាតតាមភូមិសាស្រ្តស្មុគស្មាញ កម្លាំងបានប្រទះឃើញជនសង្ស័យចំនួន៣នាក់ មានម៉ូតូ២គ្រឿង កំពុងឈប់ជុំគ្នានៅចំនុចខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានសម្រុកចូលទៅកន្លែង កើតហេតុហើយជនសង្ស័យ២នាក់ដែលអង្គុយលើម៉ូតូបានជិះម៉ូតូគេចខ្លួន រីឯម្នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ រិន ឈុនធាន ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិពោន ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆេកឆេររកឃើញម្សៅក្រាម ពណ៌ស សង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់តូច ។
លោកបន្តថា ឆ្លងតាមការសួរចម្លើយជនសង្ស័យ ឈ្មោះ រិន ឈុនធាន បានឆ្លើយសារភាពថា បក្ខពួករបស់ខ្លួន២នាក់ដែលរត់គេចខ្លួននោះ ឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ នៅភូមិ៤ ឃុំជប់ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ។
ចំណែកថ្នាំញៀនចំនួន២កញ្ចប់តូច ដែលសមត្ថកិច្ចឆែកឆេរដកហូតពីខ្លួននោះ គឺជាថ្នាំញៀនរបស់ឈ្មោះ ម៉ៅ ប្រគល់ឲ្យខ្លួនដើម្បីទុកលក់ឲ្យម៉ូយដែលមកទិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕ វណ្ណៈ