ខេត្តបន្ទាយមានជ័យ៖ មេឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចេញមុខធ្វើញតិ្តថ្កោលទោសប្រឆាំងនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ នូវពាក្យសំដីថា (ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) ដែលមានអត្ថន័យ ចរិកញុះញង់ ប្រមាថ ធ្វើឱ្យបែកបាក់ក្នុងសង្គមខ្មែរ គ្រាដែលការលើកឡើងនោះ វាផ្ទុយនឹងការអនុវត្តនៃការបំពេញកិច្ចការងាររបស់មេឃុំ ដែលជាអាជ្ញាធរដែនដី និងជាអាណាព្យាបាលគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់នាពេលបច្ចុប្បន្ន មានភាពមមាញឹក ទាំងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ និងក៏បានខិតខំកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែករីកចម្រើន ដើម្បីបំរើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយ អនុវត្តទៅលើគោលការណ៍ ស្មើភាពគ្នានោះ។
ការចេញមុខមកតវ៉ា និងធ្វើញត្តិថ្កោលទោសពីសំណាក់លោកមេឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក រួមមានមេឃុំប៉ោយចារ មេឃុំភ្នំដី មេឃុំស្រះជីក មេឃុំណាំតៅ មេឃុំពន្លៃ និងមេឃុំស្ពានស្រែង ក្រោយពេលដែលគណបក្សសង្រ្គោះជាតិដាក់ចេញនូវគោលនយោបាយ៥ចំណុច និងបានចែងរំលឹកនូវខ្លឹមសារចម្បងថា (ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) ក្នុងសមាជរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ទន្ទឹមពេលវេលាដែលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅសល់ពេលតែប្រមាណជាង២ខែទៀតប៉ុណ្ណោះ ។
មេឃុំដែលចេញមុខមកតវ៉ាប្រឆាំងចំពោះខ្លឹមសារបែបចរិកញុះញង់របស់គណបក្សសង្រ្គោះជាតិ ធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នា២០១៧ ដោយប្រឆាំងដាច់ខាតមិនអាចទទួលយកបាន ហើយក៏បានអំពាវនាវដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ ដែលជាមេឃុំមានការជ្រើសតាំងដោយបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋធ្វើជាមេឃុំ ដែលតែងតែមានឆន្ទៈបំពេញកិច្ចការងារផ្តល់ផលប្រយោជន៍សព្វបែបយ៉ាងចំពោះប្រជាពលរដ្ឋនោះ ។
ពាក្យព័ន្ធនឹងការលើកឡើងនូវពាក្យពេជន៍របស់គណបក្សសង្រ្គោះជាតិ(ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត)បែបនោះរួចហើយភ្លាមៗផងដែរ គណបក្សប្រជាជនកម្ពុជា ក៏បានធ្វើសេចក្តីថ្លែងការណ៍ប្រតិកម្មប្រឆាំងហើយបានទាមទារឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិកែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារមានចរិកញុះញង់បង្កហេតុ និងប្រមាថមើលងាយដល់ឃុំសង្កាត់ទូទាំងប្រទេស ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន ដោយមិនមានការរើសអើង និងនិន្នាការសោះឡើយ។
ជាងនេះថែមទៀត ពាក្យពេជន៍(ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) គណបក្សប្រជនជនកម្ពុជាកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀត ហើយព្រមានប្តឹងគណបក្សសង្រ្គោះជាតិ បើសិនមិនកែតម្រូវខ្លឹមសារចម្បង (ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) ដែលបានលើកឡើងនៅក្នុងសមាជរបស់គណបក្សសង្រ្គោះជាតិកាលពីកន្លងទៅថ្មីៗនេះ ៕ សំ វិច្ឆិកា