ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានគៀបជាប់នៅក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេនាំគ្នាជួយគាស់យកសាកសពអស់ជាច្រើនម៉ោង និងច្រើននាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាលផងដែរ ដោយសារការគ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងគ្នា នៅស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌ពីមន្រ្តីជំនាញការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យថា កាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦២-១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J 4534 បើកបរដោយឈ្មោះ ឡុង ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកាប់គោ ឃុំអូរចារ ក្រុង-ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកបុរសម្នាក់ ខណៈកំពុងធ្វើដំណើរ ពីក្រោយ(ស្របទិសគ្នា)ពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ចំណែករថយន្តបានបោលចូលស្រែ។
ប្រភពខាងលើបន្តថា នៅវេលាម៉ោង៣ និង៣៦នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២១-២២២ ស្តិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានគ្រោះថ្នាក់ចរាចរណ៍ករណីមួយលើកដែរ បង្កឡើងដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D 5274 បើកបរដោយឈ្មោះ យឹម ធំ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកាំភ្លើង ស្រុកទូកមាស ខេត្តកំពត ស្លាប់កៀបជាប់នៅក្នុងកាប៊ីនរថយន្ត និងអ្នករួមដំណើរជាមួយម្នាក់របួសស្រាល ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានបុករថយន្តក្រុងម៉ាក់ ហុីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 7044 របស់ក្រុមហ៊ុន ខេមបូឌាម៉ូធ័រវុីហាយឃលអុិធីឌី ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះផ្នែកខាងស្តាំដៃរងរបួសស្រាលច្រើននាក់។
ប្រភពដដែលបន្តទៀតថា វត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំវាស់វែងនិងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន