ខេត្តកំពង់ស្ពឺ៖ លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានរងបណ្ដឹងជាផ្លូវការហើយ ពីក្រឡាបញ្ជីជាជនពិការម្នាក់ កាលពីរសៀលថ្ងៃទី៩ ខែមីនា ហើយបច្ចុប្បន្នអធិការកិច្ចក្រសួងយុត្តិធម៌ បានចុះស៊ើបអង្កេតករណីនេះបន្ទាន់ផងដែរ ។
ជនរងគ្រោះ អះអាងថា លោក ម៉ែន វណ្ណៈ បានយកកាំភ្លើងភ្ជង់ក្បាលនិងពោះ ហើយយកគ្រាប់កាំភ្លើងដាក់ចូលកែវស្រា បង្ខំឲ្យផឹក ថែមទាំងគ្រវែងឈើច្រត់ ។ ជនរងគ្រោះ សំណូមពរឲ្យលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់វិធានការចំពោះបុគ្គល ម៉ែន វណ្ណៈ និងផ្តល់ភាពយុត្តិធម៌ដល់មន្ត្រីរាជការ ជាជនពិការរូបនេះផង ។
លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាអ្នកនាំពាក្យ ថ្លែងប្រាប់ថា អធិការកិច្ចក្រសួងយុត្តិធម៌ បានចុះស៊ើបអង្កេតករណីនេះហើយ ក្នុងករណីដែលរកឃើញថា លោក ម៉ែន វណ្ណៈ បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ គឺ ក្រសួងនឹងបញ្ជូនរបាយការណ៍ស៊ើបអង្កេត ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីចាត់វិធានការវិន័យ ។
លោក ជិន ម៉ាលីន បន្ថែមថា បើរកឃើញមានបទល្មើសព្រហ្មទណ្ឌ នោះនឹងមានការទទួលខុសត្រូវព្រហ្មទណ្ឌ ដែលត្រូវសម្រេចដោយតុលាការ។
លោក ឈៀង គីមហាក់ ជាជនរងគ្រោះរៀងរាល់ក្នុងពាក្យបណ្ដឹង ថា កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង១៩និង៣០យប់ លោកបានហូបបាយសាមគ្គីមួយនៅក្រុងច្បារមន ពេលនោះលោក ម៉ែន វណ្ណៈ បានដើរសំដៅមកលោក ដោយមានសភាពស្រវឹង ហើយបានស្រែកឡូឡាក្នុងបន្ទប់ហូបអាហារ ថា កូនចៅមកញាំម៉េចមិនហៅមេ ហើយលោក ម៉ែន វណ្ណៈ បានបង្ខំលោកផឹកស្រាអស់ជាច្រើនកែវ នៅពេលដែលលោកបដិសេធឈប់ផឹក ស្រាប់តែលោក ម៉ែន វណ្ណៈ បានដកកាំភ្លើងអាមេភ្ជង់ក្បាលនិងពោះ របស់លោក ។
ក្រោយបញ្ចប់ហេតុការណ៍នេះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ លោក ម៉ែន វណ្ណៈ បានជួបលោកម្តងទៀតនៅភោជនីយដ្ឋានមួយនៅក្បែរផ្សាររាត្រី ស្រាប់តែលោក ម៉ែន វណ្ណៈ យកឈើច្រត់លោកគ្រវែងចោល ហើយបោះពាក្យសម្តី ថា ” ហ្អែងជាកូនចៅអញ អញលេងសើចប៉ុណ្ណឹងមិនបាន ហ្អែងចង់ធ្វើអីអញ ហ្អែងអស្ចារ្យអី ” ។
ដំណើររឿងត្រួសៗបែបនេះហើយ ទើបលោក ឈៀង គីមហាក់ ដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ សំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ឲ្យជនពិការផង ។
ករណីនេះ នៅថ្ងៃទី១០ ខែមីនា លោក ម៉ែន វណ្ណៈ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដោយធ្វើការសុំទោសលោក ឈៀង គីមហាក់ ។
ប៉ុន្តែមជ្ឈដ្ឋានមួយចំនួន យល់ថា កំហុសនេះ គឺ ធ្ងន់ធ្ងរណាស់ ពុំគួរលើកលែងឲ្យឡើយ តែការសម្រេចយ៉ាងណា អាស្រ័យលើក្រសួងយុត្តិធម៌ ៕ ចេស្តា