ភ្នំពេញ: ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ សុទ្ធតែជាជនជាតិវៀតណាមចំនួន១២នាក់ ស្រី៤នាក់ ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឃាត់ខ្លួនពាក់ព័ន្ធករណីឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ចំណុចសិប្បកម្មកែច្នៃឈើ ផ្ទះជួល និងឃ្លាំង នៅតំបន់បឹងព្រលិត ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអាជ្ញាធរ-សមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផលកម្លាំងចម្រុះរកឃើញជនបរទេសអន្តោប្រវេសន៍ជាជនជាតិវៀតណាមចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ចំនួន១២នាក់ ស្រី៤នាក់ ហើយត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា តាមការត្រួតពិនិត្យជាក់ស្តែងនៅនឹងកន្លែងដែលកម្លាំងចម្រុះចុះប្រតិបត្តិការរកឃើញជនជាតិវៀតណាមឆ្លងដែនចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជាចំនួន១២នាក់ ក្រៅពីនោះគេមានឯកសារគ្រប់គ្រាន់ ។ ជនបរទេសអន្តោប្រវេសន៍ទាំង១២នាក់នេះនិងត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញឯកសារបញ្ជូនទៅអោយសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើសុំគោលការបញ្ជូនចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសដើមវិញ ៕ សណ្តោស