ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ទាំងព្រឹក ខណៈដែលមានរថយន្ត៣គ្រឿងបុកតកន្ទុយគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យកម្មការិនី២នាក់ រងរបួសកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៤ និងលេខ១៣៥ ស្ថិតនៅភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា កម្មការិនីដែលរងរបួសមានឈ្មោះ តុក ពិសី អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ និងឈ្មោះ ស្រី ទូច អាយុ២៧ឆ្នាំ មានទីលំនៅភូមិដូនលាប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ ៣C ៦៦៦៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ខណៈធ្វើដំណើរទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុខាងលើ ក៏ទៅបុករថយន្តម៉ាកសាំយ៉ុង១៥កៅអី ពីក្រោយ ស្លាកលេខ ភ្នំពេញ ២S ៤៤៩៧ពណ៌ សំបកឥឡឹក រថយន្តខូចឈប់នៅអែបចិញ្ចើមផ្លូវខាងត្បូង បែរមុខទៅកើត ដែលសាងកម្មករឡើងរថយន្តមួយទៀត បើកបរឈ្មោះ អន ផែ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិ ដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ រួចរថយន្តសាំយ៉ុងនេះ ទៅបុកគូទរថយន្តមួយទៀត បឺស 25កៅអី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស លឿង ស្លាកលេខ ព្រៃវែង ៣A ០៣៩២បើកបរដោយឈ្មោះ គង់ សំអាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិ ដូនលែប ឃុំ គោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពេញទំហឹងបណ្ដាលឲ្យមានការភ្ញាក់ផ្អើល និងរងរបួសកម្មការិនី២នាក់ផងដែរ។
ក្រោយមក ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងវាស់វែង ព្រមទាំងអូសយករថយន្តទាំង៣មកកាន់អធិការដ្ឋាននគរបាលដោះស្រាយពេលក្រោយ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ: ដោយសារតែអ្នកបើកបររថយន្តបែនខ្វះការប្រុងប្រយ័ត្ន ទើបជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ៕ យឹម សុថាន