ខេត្តបាត់ដំបង៖ ផ្ទះ១ល្វែងធ្វើអំពីថ្ម សាងសង់រំលោភយកចំណីផ្លូវខុសច្បាប់ ស្ថិតនៅក្បែរចំណុចក្បែរភ្លើងស្តុប ផ្លូវជាតិលេខ៥ នៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរក្រុងបាត់ដំបងសម្រេចប្រើប្រាស់អេស្ការុះរើ វាយកំទេចចោល ក្រោយពីម្ចាស់ផ្ទះបានកសាងធ្វើបំពាននឹងការហាមឃាត់របស់អាជ្ញាធរដែនដីបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។
ការចុះទៅរុះរើផ្ទះខាងលើ ពីសំណាក់អាជ្ញាធរក្រុងបាត់ដំបងអនុវត្តកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នា២០១៧ គឺគេសង្កេតឃើញម្ចាស់ផ្ទះមិនបានចេញមុខមានប្រតិកម្ម និងការអនុវត្តរបស់អាជ្ញាធរដែនដីនោះទេ ។ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា ម្ចាស់ផ្ទះបានទទួលកំហុសហើយបានអនុញ្ញាតឱ្យអាជ្ញាធរធ្វើការរុះរើ ។ ម្ចាស់ផ្ទះកសាងរំលោភយកចំណីផ្លូវជាតិ មិនត្រូវបានអាជ្ញាធរប្រាប់ពីអត្តសញ្ញាណនោះទេ។
សូមបញ្ជាក់ថា បច្ចុប្បន្នភាពអាណាធិបតេយ្យនៃកសាងសំណង់ លំនៅឋាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងការកសាងរំលោភយកចំណីផ្លូវរបស់រដ្ឋធ្វើអាជីវកម្ម ត្រូវគេមើលឃើញថា បានកើតឡើងយ៉ាងផុសផុល មិនមានវិធានការទប់ស្កាត់នោះឡើយ។ ការកសាងបែបនោះត្រូវគេចាត់ទុកថាបានបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ ផ្លូវជាតិកាន់តែរួមតូចចង្អៀត ដែលមានចរាចរណ៍កកកុញហើយ ជាផ្នែកមួយបង្កឱ្យកកស្ទះចរាចរណ៍សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបង្កកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយជាដើមនោះ។
បញ្ហាឱ្យមានការកសាងរំលោភយកចំណីផ្លូវរបស់រដ្ឋដើម្បីយកធ្វើជាអាជីវកម្ម រឺយកធ្វើជាកម្មសិទ្ធិ ត្រូវគេមើលឃើញថា អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ហាក់បីដូចជាមានការទប់ស្កាត់និងអនុវត្តនៅមានកំរិត។
គេមិនដឹងថា ការបណ្តែតបណ្តោយឱ្យមានកសាងអគារ សំណង់ ខុសច្បាប់យកចំណីផ្លូវចាកម្មសិទ្ធិរឺយកធ្វើអាជីវកម្ម តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរបស់អាជ្ញាធរដែនដីនិងមន្ទីរជំនាញពាក់ព័ន្ធនោះ ពីព្រោះថា ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរដែនផ្ទាល់ និងមន្ទីរជំនាញពាក់ព័ន្ធដែលជាអ្នកទទួលខុសត្រូវនោះ៕ សំ វិច្ឆិកា