ខេត្តសៀមរាប៖ ភ្នំគូលែនស្ថិតនៅប៉ែកខាងជើង ពីខាងកើតទីរួមខេត្ដសៀមរាប មានចំងាយ៥៣គីឡូម៉ែត្រ ពីទីរួមខេត្ដ ។ ភ្នំនេះមានរយៈកម្ពស់ ៤៩៥ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសម្រស់ ស្រស់ ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។
បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋាន ភ្នំគូលែនបានទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋ មកពីទីជិតទីឆ្ងាយៗ តាំងលំនៅឋាន ប្រកបអាជីវកម្មកសិកម្ម យ៉ាងច្រើនកុះករ។
ភ្នំគូលែនមានរមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់, ព្រះអង្គធំ, វាលស្ដេចលំគង់, វាលព្រះសព, ព្រះក្រាល, សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀត ដែលជាកេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទជ័យ វរន្ម័ទី២ បានកសាងឡើង ។ តំបន់ភ្នំគូលែន មិនត្រឹមតែជាតំបន់ទេសចរប៉ុណ្ណោះទេ គឺជាតំបន់កសិកម្ម ដី មានជីវជាតិ អាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់ ។
តំបន់ទឹកធ្លាក់ ៖ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ឆ្ពោះទៅកាន់បឹង ទន្លេសាប មានទឹកថ្លាយង់ ជាទីនិយមរបស់អ្នកដំណើរកំសាន្ត ក្នុងការមុជទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនឹងថ្មដាបែកផ្កាត្រែង ។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀម សង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាល រមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំង បន្ដិចបន្ដួច តែ ប៉ុណ្ណោះ ៕ ប៊ុន រិទ្ធី