ភាគីជប៉ុនបានផ្តល់ស្នាមមេដៃលោកគីម ជុងណាម ដល់ភាគីម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីអត្តសញ្ញាណរបស់លោកគីម ជុងណាម ។
កាលពីថ្ងៃទី១២ ខែមីនា ប្រភពព័ត៌មានបានឲ្យដឹងថា ជប៉ុនបានផ្តល់ ស្នាមមេដៃ សម្រាប់បំពេញការស្រាវជ្រាវ ពាក់ព័ន្ធនឹងការស្លាប់ ពលរដ្ឋកូរ៉េខាងជើង នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដែលគេចាត់ទុកថា ជាលោកគីម ជុងណាម បងប្រុស ឪពុកតែមួយ ម្តាយទីទៃ របស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
ប្រភពព័ត៌មានបានឲ្យដឹងថា ឯកសារទាំងឡាយដែលជប៉ុនមានពាក់ព័ន្ធនឹងលោកគីម ជុងណាម ក្រោយពេលរដ្ឋាភិបាលជប៉ុនធ្លាប់បានចាប់ខ្លួន លោក គីម ជុងណាម កាលពីឆ្នាំ២០១១ នៅអាកាសយានដ្ឋានទីក្រុង នៃរ៉ាតា ជាយក្រុងតូក្យូ ប្រទេសជប៉ុន ដោយលោកគីម ជុងណាម ចូលក្នុងប្រទេសជប៉ុនដោយលិខិតឆ្លងដែនក្លែងក្លាយ។ នៅពេលនោះ លោកគីម ជុងណាម បាននិយាយទៅកាន់មន្ត្រីជប៉ុនថា លោកចង់ ទៅទស្សនកិច្ចរម្មណីយដ្ឋាន Disneyland នៅទីក្រុងតូក្យូ។
សកម្មភាពខាងលើរបស់ជប៉ុន បង្ហាញឲ្យឃើញថា ប្រទេសនេះបានជួយដល់សកម្មភាពស្រាវជ្រាវ ពាក់ព័ន្ធនឹងការស្លាប់របស់លោកគីម ជុងណាម ដោយសារធាតុគីមី ដែលអន្តរជាតិហាមឃាត់។ ការស្លាប់នោះ ត្រូវបានគេចាត់ទុកថា រដ្ឋាភិបាលកូរ៉េខាងជើងជាអ្នកនៅពីក្រោយការស្លាប់របស់គីម ជុងណាម ។
នៅពេលនេះ អាមេរិក និងប្រទេសមួយចំនួនបានបង្កើនការការពារដល់គ្រួរសារលោកគីម ជុងណាម ដោយខ្លាច ក្លាយជាគោលដៅសម្លាប់បន្តទៀតរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការផ្តាច់ពូជ អ្នកដែលមានសកម្មភាពប្រឆាំង និងគំរាមកំហែង ដណ្តើមអំណាចនៅកូរ៉េខាងជើង។
ចំណែករដ្ឋាភិបាលកូរ៉េខាងជើងវិញ បានប្រកាន់គោលជំហរថា ការស្លាប់ទាំងនោះ មិនពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះឡើយ ហើយការស្លាប់នោះ ដោយសារគាំបេះដូង លើសឈាម និងទឹកនោមផ្អែម។ កូរ៉េខាងជើងបានបញ្ជាក់ទៀតថា ប្រសិនបើប្រើប្រាស់ធារធាតុគីមីវាយប្រហារនោះ ស្ត្រីទាំងពីរនាក់ដែលចូលរួមវាយប្រហារនោះនឹងត្រូវស្លាប់ដោយសារធាតុគីមីនោះដែរ ដោយអ្នកទាំងពីរបានកាន់វាដោយផ្ទាល់ ម្ត៉េចមិនឃើញមានផលប៉ះពាល់អ្វីឡើយ ។
ការស្លាប់របស់លោកគីម ជុងណាម ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថា ជាសកម្មភាពនយោបាយ ហើយភាគីម៉ាឡេស៊ីបានរួមដៃជាមួយសត្រូវ របស់កូរ៉េខាងជើង គឺកូរ៉េខាងត្បូង ដើម្បីទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង។
សកម្មភាពខាងលើបានធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា ដោយបណ្តេញ មន្ត្រីការបរទេសចេញពីប្រទេសរបស់រៀងៗខ្លួន។ មិនត្រឹមតែប៉ុណ្ណោះក៏បានចាប់ពលរដ្ឋ ប្រទេសទាំងពីរធ្វើជាចំណាប់ខ្មាំងទៀតផង៕ ម៉ែវ សាធី