ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ខណៈកំពុងជិះម៉ូតូក្នុុងទិសដៅបញ្ច្រាសគ្នា ហើយក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបន្ទាប់ពីព្យាយាមលូនចេញពីក្នុងរថយន្តពេលដែលរថយន្តក្រឡាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៣-២០៤ ស្ថិតនៅភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្រ្តីនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ឈ្មោះ សាយ កៅ អាយុ៥៥ឆ្នាំ ជាមន្រ្តីបរិស្ថានឧទ្យានជាតិរាម មានទីលំនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ព្រះសីហនុ 1C-6082 រងការខូចខាតស្ទើរទាំងស្រុង។ រីឯរថយន្តដែលម្ចាស់រថយន្តចោលម៉ាក CRV ពាក់ស្លាកលេខ ភ្នំពេញ 2AA-2571។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានសាក្សីណាបានឃើញហេតុការណ៍កើតឡើងនោះទេ តែបើតាមនគរបាលជំនាញអះអាងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគ្រាដែលរថយន្ត និងងម៉ូតូបើកបរបញ្ច្រាសទិសគ្នា។ ក្រោយពីវាស់វែង ម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរងចាំការដោះស្រាយតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ