ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា ញឹម ច័ន្ទថន បានរៀបចំពិធីខួបកំណើតចូលវ័យជាង៣០ឆ្នាំរបស់ខ្លួនយ៉ាងហឹកហ៊ាក់កាលពីរាត្រីថ្ងៃទី១៣ ខែមីនា ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋាន Mango Mango ក្រោមវត្តមានអ្នកសិល្បៈជិតដិតប្រមាណជាង១០០នាក់ ។
ក្នុងសំលៀកបំពាក់បែបឆើតឆាយ និងការតុបតែងខ្លួនបែបសិចស៊ី ញឹម ច័ន្ទថន ប្រលែងខ្លួនមួយចាស់ដៃក្នុងថ្ងៃខួបកំណើតនេះ ។ តារាស្រីរូបនេះ និយាយថា នាងខកខានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំបែបនេះជាច្រើនឆ្នាំមកហើយ ហើយកម្មវិធីនេះគឺដើម្បីជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួន ។ នាងបញ្ជាក់ថា វ័យ៣៦ឆ្នាំហើយ នាងពិតជាមិនចង់រំខានអ្នកសិល្បៈច្រើនទេ ប៉ុន្តែដើម្បីជួបជុំគ្នាកម្សាន្តម្តង នាងសម្រេចចិត្តរៀបចំ ។ នាងថា ពីព្រឹកនាងបានរៀបចំពិធីសូត្រមន្តលើករាសីនៅផ្ទះផ្ទាល់ ហើយអ្វីដែលនាងប៉ងប្រាថ្នាក្នុងថ្ងៃនេះ គឺមិនមែនជារឿងស្នេហាទេ តែជាសេចក្តីសុខសម្រាប់ជីវិត គឺសុភមង្គលក្នុងក្រុមគ្រួសារ និងការងារសិល្បៈកាន់តែរីកចម្រើន។ តារាស្រីរូបនេះ ហាក់លែងនឹកនាំរឿងស្នេហាក្រោយពីបែកបាក់ស្នេហ៍ជាមួយអតីតសង្សាអស់ជិត១០ឆ្នាំមកហើយ។
បើទោះបីជារៀបចំពិធីខួបកំណើតបែបទ្រង់ទ្រាយធំក្តី ក៏តារាស្រីរូបនេះបញ្ជាក់ថា មិនចំណាយរាប់ពាន់រាប់ម៉ឺនដុល្លារអាមេរិកដូចតារាដទៃដែរ ។ នាងថា កម្មវិធីនេះថោកែហាងដែលជាមិត្តភ័ក្កិបានជួយច្រើន ដែលអាចជួយសម្រួលការចំណាយបើទោះបីជាម្ហូបថ្ងៃនេះ គឺជាអាហារបែបប៊ូហ្វេក្តី ។ អ្វីដែលនាងរំពឹងថា នឹងទទួលបានឆ្នាំថ្មីសម្រាប់ជីវិតនាង គឺសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសការងារសិល្បៈកាន់តែរីកចម្រើនជាងនេះ ៕ វឌ្ឍនា