ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី បានឡើងយន្តហោះរួមដំណើរជាមួយសិល្បិករខ្មែរ៤រូបផ្សេងទៀត ចេញទៅច្រៀងរាំលើទឹកដីនៃប្រទេសជប៉ុនកាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ។ ការចេញដំណើរលើកនេះ គឺដើម្បីច្រៀងរាំ សម្តែង និងបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍សិល្បៈមួយនៅទីក្រុងតូក្យូ និងជាឱកាសស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
សិល្បករខ្មែរដែលស្ម័គ្រចិត្តចូលរួមកម្មវិធីសិល្បៈនៅប្រទេសជប៉ុននៅគ្រានោះ ក្រៅពីកញ្ញា សុខពិសី មានដូចជា លោក រតនៈ ពិសិដ្ឋ កញ្ញា អ៊ឹង និមល កញ្ញា ពៅ លីដា និងកញ្ញា ព្រះកាយច័ន្ទ។
លោក រតនៈ ពិសិដ្ឋ ដែលជាអ្នកដឹកនាំសិល្បករចេញទៅប្រទេសជប៉ុននេះបានបញ្ជាក់ថា លោកធ្លាប់បានចូលរួមព្រឹត្តិការណ៍សិល្បៈ និងតំណាងឲ្យសិល្បករនៅកម្ពុជាចំនួន៥លើកមកហើយ។ លោកថា វាគឺជាមោទនភាពដែលកម្ពុជាបានបង្ហាញមុខមាត់ក្នុងនាមជាសិល្បករនៅលើឆាកអន្តរជាតិ ។ លោកថា សិល្បករនឹងត្រូវស្នាក់នៅប្រទេសជប៉ុនរយៈពេល១សប្តាហ៍ គ្រាដែលពួកគេចូលរួមសម្តែងសមត្ថភាពតែមួយថ្ងៃប៉ុណ្ណោះ ហើយថ្ងៃសម្តែងនោះ អ្នករៀបចំកម្មវិធី នឹងមានកម្មវិធីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។
លោកថា វាគឺជាការស្ម័គ្រចិត្តចូលរួម ហើយវាក៏ជាឱកាសសម្រាប់សិល្បករជួបជាមួយអ្នកគាំទ្រជាជនជាតិខ្មែរនៅក្រៅប្រទេសផងដែរ។ លោករំពឹងថា កម្មវិធីនេះនឹងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
តារាចមរៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី បានបញ្ជាក់ថា ការចាកចេញទៅជប៉ុននេះនាងមានបំណងពីរគឺការចេញច្រៀងស្ម័គ្រចិត្តជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា និងប្រសិនបើឱកាសល្អនាងនឹងជ្រើសរើសបទចម្រៀងមួយចំនួនដើម្បីយកទៅសម្តែងនៅទីនោះ ព្រោះតែនាងបានរួមដំណើរជាមួយអ្នកដឹកនាំផលិត ផងដែរ ។
តារាលំដាប់យុវវ័យរូបនេះបន្តថា នាងសម្តែងរៃអង្គាសប្រាក់តែ១លើកទេ ព្រោះទៅតែជាង១០ថ្ងៃ ហើយសល់ពេលត្រូវថតខារ៉ាអូខេដោយមិនដឹងថា អាចសម្រេចបានរួចរាល់ប៉ុន្មានបទនោះទេព្រោះហោចណាស់ឲ្យបានបីទៅបួនបទដើម្បីមកលក់លើទីផ្សារក្នុងនោះមានបទបែបអូរីជីណលសងទៀតផង ។ ម្ល៉ោះហើយទើបការចាកចេញទៅជប៉ុនលើកនេះ នាងមានភាពរំភើបចិត្ត ព្រោះមិនត្រឹមបានថតបទចម្រៀងផ្ទាល់ខ្លួនយកមកចែកដល់អ្នកគាំទ្របានស្តាប់និងទស្សនានោះទេ នាងបានចូលរួមធ្វើបុណ្យដើម្បីរៃអង្គាសប្រាក់យកមកជួយមន្ទីរពេទ្យគន្ឋបុប្ជា ជួយដល់កុមារកម្ពុជាស្របពេលទាំងនេះ ជាទឹកចិត្តរបស់បងប្អូនយើងរស់នៅប្រទេសជប៉ុនផងកាន់តែរីករាយចូលរួម ៕ វឌ្ឍនា