ភ្នំពេញ ៖ នារីជាកម្មករោងចក្រម្នាក់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយ រួចបានជះទឹកអាស៊ីតបន្ថែមទៀត បណ្តាលឲ្យរងរបួសពេញផ្ទៃមុខ ខណៈកំពុងជិះកង់ទៅរៀនអ៊ុតសក់ កាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងត្បុងវិហារចាម ម្តុំលក់ទឹកត្នោតជូរ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ស៊ន ចាន់ទី អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ។ ចំពោះសំភារៈបាត់បង់ លុយដុល្លារជាង៤០០ដុល្លារ ខ្សែកទិញជាង៦០០ដុល្លារ និងមានសង្សារឈ្មោះ ផន ភឿក អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅកន្លែងហ្គេម ស្នាក់នៅបន្ទប់ជួលម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះចេញពីធ្វើការដូចសព្វដង រួចបានជិះកង់ដើម្បីទៅរៀនអ៊ុតសក់ ខណៈមកដល់ចំណុចកើតហេតុម្តុំទឹកត្នោតជូរ វិហារចាម ក៏មានជនសង្ស័យម្នាក់រត់មកឆក់កាបូបស្ពាយរបស់ជនរងគ្រោះ រួចបានជះទឹកអាស៊ីតទៅលើមុខជនរងគ្រោះថែមទៀតបណ្តាលឲ្យរងរបួសតែម្តង ភ្លាមៗក៏មានប្រជាពលរដ្ឋមកជួយ ហើយជនរងគ្រោះបានតេទូរស័ព្ទហៅសង្សារពីកន្លែងធ្វើការនៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប មកជួយ លុះពេលមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានឡើងឡានជាមួយបុរសជាសង្សារមកព្យាបាលនៅមន្ទីរពេទ្យ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានសង្ស័យថា អាចជារឿងគំនុំ ព្រោះបើមិនមានគំនុំ ហេតុអីជនសង្ស័យមុននឹងធ្វើសកម្មភាពឆក់កាបូបលុយមានទាំងទឹកអាស៊ីតរួចជាស្រោចដូចមានគម្រោងទុកជាមុន។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីដឹងឲ្យច្បាស់ពីរឿងហេតុ ៕ សុខាសែនជ័យ