ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ បានចុះបង្ក្រាបជនសង្ស័យ ២ នាក់ និងថ្នាំញៀន៣កញ្ចប់តូចធំ រួមទាំងម៉ូតូស្កុពីមួយគ្រឿង និងម៉ូតូវីវ៉ា ជាប់រទេះលក់ភោសជ្ជៈមួយគ្រឿងថែមទៀតជាបន្តបន្ទាប់ ។
ក្នុងប្រតិបត្តិចុះបង្ក្រាបបទល្មើសខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៧ ស្ថិតចំណុចផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងប្រតិបត្តិការណ៍នេះផងដែរ ដោយមានការបញ្ជាផ្ទាល់ពីលោក តេង ស៊ីណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយដឹកនាំកម្លាំងដោយលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ និងមានការសហការជាមួយលោក ឯម ភារី នាយប៉ុស្ដិ៍ស្ដីទីប៉ុស្ដិ៍មានជ័យបានដាក់កម្លាំងពួនស្ទាក់រហូតឃាត់ខ្លួនបាននូវជនសង្ស័យបានម្នាក់រួមជាមួយនឹងថ្នាំញៀនមួយកញ្ចប់តូចនៅជាប់នឹងខ្លួន ខណៈនោះសមត្ថកិច្ចបាននាំយកជនសង្ស័យខាងលើមកសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យ ទើបឈានទៅដល់ឃាត់ខ្លួនបាននូវជនសង្ស័យម្នាក់ទៀត ដែលជាអ្នកចែកចាយ ក្រោយពេលឆែកឆេរ ក៏បានរកឃើញថ្នាំញៀន១ កញ្ចប់ធំនិង១កញ្ចប់តូចនៅលើខ្លួនរបស់ជនសង្ស័យ ដែលជាអ្នកចែកចាយនៅក្នុងសង្កាត់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យដដែល។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ទាំង ២ នាក់ខាងលើទី១ ឈ្មោះ ប៉ែន ការី ហៅរីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២ ឈ្មោះ តាវ វាសនា ហៅសុខរស់ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរអ្នកលក់ភេសជ្ជៈ ស្នាក់នៅផ្ទះជួលក្នុងភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង ជនសង្ស័យម្នាក់ទៀតដែលជាប្រពន្ធឈ្មោះ តាវ វាសនា ហៅសុខរស់ត្រូវបានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធីផ្លូវ ៕ ភារ៉ា ដង្កោ