ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលដែលបាញ់មនុស្ស៣នាក់ស្លាប់ ត្រូវបន្ថយទោសពី១០ឆ្នាំមកត្រឹម២ឆ្នាំវិញ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលម្នាក់ដែលបាញ់ប្រហារបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ត្រូវបានសាលាឧទ្ធរណ៍បន្ថយទោសពី១០ឆ្នាំ មកត្រឹម២ឆ្នាំវិញ ។

លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បានបន្ថយទណ្ឌកម្មលើជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ដោយយល់ថា ជនរងគ្រោះ៣នាក់បានព្រួតកាប់មកលើជនជាប់ចោទមុន ។ ដូច្នេះជនជាប់ចោទប្រើសិទ្ធិការពារខ្លួន ទើបបាញ់ទៅលើពួកគេ ។ នេះជាហេតុផលនៃការបន្ថយទោស ។

ជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ២២C ផ្លូវលេខ ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥។

ជនរងគ្រោះ មាន មេភូមិ៤ ឈ្មោះ ជុប ឡាយ អាយុ ៦២ ឆ្នាំកូនប្រុសគាត់ឈ្មោះ ប៊ុន លឿន អាយុ១៨ ឆ្នាំ និងក្មួយរបស់គាត់ឈ្មោះ ប៊ុន ឫទ្ធី អាយុ៣០ឆ្នាំ

ជនជាប់ចោទ កែវ សុវណ្ណារិទ្ធ អាយុ២៦ឆ្នាំ នគរបាលពាក់សក្ដិមួយ បាននិយាយនៅក្នុងបន្ទប់សវនាការថា គាត់ត្រូវបានជនរងគ្រោះពឹងឲ្យដើរទារលុយនៅតាមផ្ទះពីជនជាតិចិនព្រោះខ្លួនចេះភាសាចិន ដោយបាន២៥ដុល្លារឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះចោទថាគាត់កិបកេងលុយ។ ពេលនោះជនរងគ្រោះកូនប្រុស និងចៅរបស់ជនរងគ្រោះបានយកដាវសាម៉ូរ៉ៃកាប់ត្រូវក្បាលដៃចង្កេះចំនួន ៥ កន្លែងរបួសធ្ងន់ ហើយគាត់ក៏បាញ់ការពារខ្លួនទៅ ៕ ចេស្តា

Neat 2


ចែករំលែក៖