ខេត្តស្វាយរៀង៖ មានការភ្ញាល់ផ្អើលដល់អ្នកភូមិទាំងយប់ នាំគ្នាជួយពន្លត់ ខ្លះដងទឹកពាងមកជះ ប៉ុន្តែយឺតពេលទៅហើយដោយភ្លើងឆេះពេញក្រមុំបណ្ដាលឲ្យផ្ទះមួយខ្នងឆេះស្ទើរសល់តែផេះ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិព្រៃឈើទាល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ សមត្ថកិច្ចសង្ស័យភ្លើងចង្ក្រានដាំបាយ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សោម សឿន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំខាងលើ។
ចំណែកផ្ទះដែលរងការឆាបឆេះនេះសង់អំពីឈើទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ដោយសម្ភារដែលបាត់បង់រួមមានអង្ករចំនួន៥តៅ សម្លៀកបំពាក់របស់របរមួយចំនួនផងដែរ ។
តាមស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា ក្រោយពីពិសារបាយពេលល្ងាចរួចហើយ គាត់ក៏បានប្រមូលចានឆ្នាំងមកលាងដូចសព្វដង ហើយបានឡើងទៅលើផ្ទះដេក ដោយភ្លេចពន្លត់រងើកភ្លើងចង្ក្រានដែលកំពុងឆេះងំនៅឡើយ រហូតមកដល់វេលាកើតហេតុ ស្រាប់តែមានផ្សែង និងភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ក៏បង្កមានការភ្ញាក់ផ្អើលស្រែកហៅក្រុមគ្រួសារក៏ដូចជាអ្នកភូមិជួយពន្លត់ដែរ ប៉ុន្តែយឹតពេលទៅហើយ ៕ យឹម សុថាន