ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវគេដឹងថា មានប្រពន្ធរួចហើយ បានទាក់ទងទៅយកប្រពន្ធមួយទៀត លុះពេលបែកការ ដោយបុរសរូបនេះម្តងទៅរស់នៅជាមួយប្រពន្ធដើម និងម្តងមករស់នៅជាមួយប្រពន្ធចុងនោះ ធ្វើឲ្យសង្គមគ្រួសារមានរកាំរកូស ទាស់ទែងពាក្យសម្តីគ្នា លុះទីបំផុតបុរសជាប្តីបានយកកាំបិតចុងស្រួចចាក់ទម្លុះបំពង់កប្រពន្ធចុងយ៉ាងសាហាវព្រៃផ្សៃបំផុតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយបន្ទាប់មក រូបគេក៏បានរត់ទៅចងកបញ្ចប់ជីវិតតាមក្រោយផងដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១និង២០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលតាគង់ បានទទួលព័ត៌មានពីលោក ឈឿន ថាន មេភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ រាយការណ៍ថា នៅភូមិប្រសាទរ៉ាង មានករណីឃាតកម្មមួយកើតឡើង ។
ប្រភពបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាគង់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានចុះទៅដល់កន្លែងកើតហេតុ ហើយស្រាវជ្រាវ រកឃើញថា ជនរងគ្រោះឈ្មោះសុខ មុំ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវបានជនសង្ស័យឈ្មោះ កន គិន ភេទ ប្រុស អាយុ៤៤ឆ្នាំរ ស់នភូមិកើតហេតុ ប្រើកាំបិតកៃចាក់ទម្លុះផ្តាច់បំពង់ក បណ្តាលឲ្យស្លាប់នៅចម្ងាយប្រមាណ០៣ម៉ែត្រពីផ្ទះជនរងគ្រោះ ។
ប្រភពបន្តថា ដោយឡែក ជនសង្ស័យក្រោយសម្លាប់ជនរងគ្រោះរួចហើយ បានទៅចងកសម្លាប់ខ្លួននៅលើដើមម្កាក់ព្រៃ ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះជនរងគ្រោះផងដែរ។
តាមការសាកសួរបឋមពីលោកមេភូមិ ក៏ដូចជាអ្នកជិតខាងបានឲ្យសមត្ថកិច្ចដឹងថា មុនករណីឃាតកម្ម និងអត្តឃាតនេះកើតឡើង គឺជនរងគ្រោះ និងជនសង្ស័យរស់នៅជាមួយគ្នា ប៉ុន្តែតែងមានរឿងរកាំរកូសជាមួយគ្នា ដោយសារ ឈ្មោះ កន គិន មានប្រពន្ធដើម ហើយម្តងទៅរស់នៅជាមួយប្រពន្ធដើម និងម្តង មករស់នៅជាមួយឈ្មោះសុខ មុំ ទើបបណ្តាលឲ្យមានទំនាស់រហូតឈានដល់ការសម្លាប់សុខ មុំ ហើយធ្វើអត្តឃាតខ្លួនឯងបែបនេះ ។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្តទៀតទាក់ទងករណីខាងលើនេះ ៕ សំ វិច្ឆិកា