ខេត្តស្វាយរៀង ៖ សំរាមជាច្រើនតោន បានដុតបំផ្លាញចោល ដើម្បីទប់ស្កាត់ការ សាយភាយក្លិនមិនល្អ និងបង្កមេរោគធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅភូមិចុងព្រែក ក្រុងស្វាយរៀង ។
ប្រជាពលរដ្ឋរស់នៅភូមិចុងព្រែកបាន ទទួលស្គាល់ថា សំរាមនេះមានជះក្លិនខ្លះ ដែរ នៅរដូវប្រាំង តែនៅរដូវវស្សា មានភ្លៀង បង្អុរ ដូចជាមិនមានក្លិនគួរឲ្យចាប់អារម្មណ៍ នោះទេ ដោយក្រុមហ៊ុនឈូសដីលុប និង បាចកំបោរ ។
លោកស្រី យោគ សានីន ប្រធានក្រុម ហ៊ុនសុភីសម្បត្តិពាណិជ្ជ ដែលដេញថ្លៃ ប្រមូលសំរាមប្រាប់ថា ទីតាំងដែលក្រុម ហ៊ុនចាក់សំរាមនេះ មានទំហំ១៥ហិកតា ហើយទីតាំងនេះ នៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋជិត១គីឡូម៉ែត្រ ។ ឯសំរាមដែលដឹកយក មកនៅរដូវប្រាំង គឺក្រុមហ៊ុនហាលសម្អួត ដើម្បីដុត ។ នៅរដូវវស្សា ក្រុមហ៊ុនបាន បាចកំបោរ ដើម្បីកាត់បន្ថយក្លិនមិនល្អ និងការពារកុំឲ្យមានមេរោគសាយភាយ ផងដែរនិយាយរួមគឺធ្វើតាមបច្ចេកទេស ដែលអាជ្ញាធរបានណែនាំ។
លោកស្រីបន្តថា ទាក់ទងទៅនឹង ការរិះគន់របស់ប្រជាពលរដ្ឋ ដែលថា សំរាមរបស់គាត់សាយភាយក្លិនស្អុយ និងនៅពេលហូបបាយ ត្រូវដាក់មុងនោះ គឺជារឿងមិនពិតទេ តែលោកស្រីទទួលស្គាល់ថា សត្វរុយពិតជាមានមែន តែក៏មិនមានច្រើនណាស់ណាដែរ។
អភិបាលរងក្រុងស្វាយរៀងលោក ឈីវ សារ៉ន បានប្រាប់ ក្នុងពេលចុះពិនិត្យទីតាំងចាក់សំរាមក្នុងភូមិចុងព្រែកថា ទីតាំងចាក់សំរាម របស់ក្រុមហ៊ុនសុភីសម្បត្តិពាណិជ្ជ មានវិសាលភាពធំទូលាយ មានរណ្តៅ និងទីធ្លាធំៗ អាចចាក់សំរាមបានរាប់សិបតោនក្នុង១ថ្ងៃៗ ឯតំបន់នេះមានទំនប់ការពារថង់ប្លាស្ទិក កុំឲ្យប៉ើងហើរតាមខ្យល់ផងដែរ។
សូមបញ្ជាក់ថា សំរាមរាប់សិបតោន ដែលក្រុមហ៊ុនសុភីសម្បត្តិពាណិជ្ជ ប្រមូលចេញពីផ្សារនានា ក្នុងក្រុងស្វាយរៀងត្រូវ បានដុតបំផ្លាញចោលនៅពេលនេះ គឺធ្វើ ឡើងបន្ទាប់ពីប្រជាពលរដ្ឋ រស់នៅជិតតំបន់ស្តុកសំរាមនោះរិះគន់ខ្លាំងៗ និងមានការចុះផ្សាយរិះគន់ពីបណ្តាញសារព័ត៌មាន កន្លងមកផងដែរ ៕ ហេង នរិន្រ្ទ