ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនៅឃុំ ចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំបាន អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់រាប់រយហិកតា ដែលកំពុងរងការខូចខាត ដោយសារគ្មាន ទឹកស្រោចស្រព។ ជាមួយគ្នានេះអាជ្ញាធរស្រុកបានចុះពិនិត្យទីតាំងស្រូវប្រាំងទាំងនោះជាច្រើនដងប៉ុន្តែនៅក្បែរនោះគ្មាន ប្រភពទឹក។
ប្រជាពលរដ្ឋហាក់អស់សង្ឃឹម ពីព្រោះដើមទុនធ្វើស្រូវប្រាំងទាំងនោះ ភាគច្រើនពួកគេខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់ឯកជនខ្លះ ដើម្បីធ្វើដើមទុន និងបង់ ជូនទៅអ្នកគ្រប់គ្រងអាងស្តុកទឹកបញ្ចូលស្រែ ។
អភិបាលស្រុកស្ទោង លោក ព្រឹម រដ្ឋា ថ្លែងថា អាជ្ញាធរស្រុក និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងស្រែប្រាំងរបស់ពលរដ្ឋនៅតំបន់ចកសារាយ ស្ថិតនៅក្នុង ឃុំចំណារក្រោមជាច្រើនដង ប៉ុន្តែបញ្ហា ប្រឈមខ្លាំងគឺតំបន់នោះមិនមានប្រភពទឹកឡើយ ។ បន្ថែមពីនេះពលរដ្ឋដែលមាន ស្រែនៅផ្នែកខាងក្រោមធ្លាប់យកប្រភពទឹកពីអូរ ឬត្រពាំង ក៏កំពុងមានបញ្ហាជាមួយពលរដ្ឋដាំឈូកថែមទៀតផង ។
អភិបាលស្រុកបញ្ជាក់ថា ស្រូវដែល ប្រឈមការខូចខាតទាំងស្រុងមានទំហំ ជាង២០០ហិកតានិងប៉ះពាល់លើពលរដ្ឋ ប្រហែល១០០គ្រួសារ ។ ចំណែកស្រូវ ប្រមាណ៤០០ហិកតាទៀតអាចទទួល ផលបានមួយចំនួន។
ប្រជាពលរដ្ឋអះអាងថា នៅពេលអាងទឹកមួយកន្លែងឈ្មោះអាងទឹកយាយអូន ជាកម្មសិទ្ធិរបស់ប្រជាសហគមន៍ ស្រូវប្រាំង របស់ពួកគាត់មិនសូវជួបបញ្ហាប្រឈមទេ ប៉ុន្តែចាប់តាំងពីអាងទឹកមួយនេះ ត្រូវបាន ឈ្មួញម្នាក់ឈ្មោះ គាំ សារឿន គ្រប់គ្រងមក ស្រូវប្រាំងរបស់ពួកគាត់ជួបបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពរហូត ។ លោក យល់ថា មូលហេតុពលរដ្ឋត្រូវខ្វះទឹកដាក់ស្រែ ព្រោះឈ្មួញគ្រប់គ្រងទឹកមិនបានល្អ ហើយពួកគាត់ស្នើឲ្យអាជ្ញាធរយកអាងទឹកមករក្សាទុកជាសម្បត្តិរួមវិញ។
អភិបាលស្រុកស្ទោងបន្ថែមថា ការទាមទារយកអាងទឹកមករក្សាទុកជាសម្បត្តិ រួមរបស់ពលរដ្ឋ គឺទាល់តែម្ចាស់អាងទឹក នោះយល់ព្រម។ លើសពីនេះលោក អភិបាលស្រុកថែមទាំងបញ្ជាក់ជំនួស ម្ចាស់អាងទឹកថា មូលហេតុខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងនៅផ្នែកខាងក្រោម ពីព្រោះទំនប់អាងស្តុកទឹកខូចខាតច្រើន ហើយលោក គាំ សារឿន ក៏បានប្រាប់ពលរដ្ឋមិនឲ្យធ្វើស្រែនៅផ្នែកខាងក្រោមដែរ ប៉ុន្តែពលរដ្ឋមិនព្រមស្តាប់។
ចំពោះការខូចខាតស្រូវរាប់រយហិកតាវិញ លោក ញូង សាមឿន ថាជាការទទួលខុសត្រូវមួយផ្នែករបស់អាជ្ញាធរ ដោយពួកគេអាចជួយសម្របសម្រួលរវាងភាគីពល រដ្ឋ នឹងឈ្មួញ ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងនេះតាមរយៈជួយដល់ការខូចខាតរបស់អ្នកស្រុក ពីព្រោះជាផ្នែកមួយ អាចកាត់បន្ថយភាពក្រីក្រ ព្រមទាំងការ ចំណាកស្រុកជាដើម ៕ ហេង នរិន្រ្ទ