ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដាក់គ្រាប់បែកបំផ្ទុះទូATM ធនាគារកាណាឌីយ៉ាប៉ងយកលុយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមសមត្ថកិច្ចមូលដ្ឋានកំពុង ស៊ើបអង្កេតលើករណីផ្ទុះទូATMមួយកន្លែង របស់ធនាគារកាណាឌីយ៉ាស្ថិតនៅមុខមន្ទីរ ពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។ ក្នុង នោះបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យ ថា ជាអ្នកធ្វើសកម្មភាពបំផ្ទុះទូATM។ នេះ បើតាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋានកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ការ សង្ស័យទៅលើបុរសម្នាក់នោះបានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យឃើញនៅក្នុង កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុដែល បង្ហាញថា បុរសមិនស្គាល់អត្តសញ្ញាណនោះជាជនសង្ស័យទី១ដែលបំផ្ទុះទូATM។

សូមបញ្ជាក់ថា នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីផ្ទុះទូ ATM របស់ធនាគារកាណាឌីយ៉ាដែលមានទីតាំង ជាប់របងមន្ទីរពេទ្យកុមារជាតិផ្លូវសហព័ន្ធ រុស្សុី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនសីុម៉ាក់នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៧ បានចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងទូដកលុយ(ATM)របស់ធនា គារកាណាឌីយ៉ានោះ។

លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌទួលគោកបានប្រាប់អ្នកកាសែតថា «ចំពោះករណីនេះយើងមិនទាន់រកមូលហេតុដឹងឲ្យពិតប្រាកដនៅឡើយទេដោយរង់ចាំការស្រាវជ្រាវបន្តទៀតនៅថ្ងៃនេះ ដោយមានការចូលរួមពិនិត្យផ្ទាល់ពីកម្លាំងសីុម៉ាក់ ពីព្រោះក្រោយកើតហេតុយើងមិនទាន់រកឃើញវត្ថុតាងណាមួយដែលគួរឲ្យសង្ស័យជាគ្រឿងផ្ទុះនៅឡើយទេ ហើយយើងនឹងពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាព បន្ថែមទៀត»។

លោកអធិការបានបន្តថា ការផ្ទុះនេះ បណ្តាលឲ្យផ្នែកខាងលើគឺកន្លែងញុ៉កកាត រងការខូចខាត ប៉ុន្តែផ្នែកខាងក្រោមជាកន្លែង ដាក់លុយវិញមិនមានការប៉ះពាល់នោះទេ ហើយក្រោយកើតហេតុភ្លាមៗនោះខាង ធនាគារបានមកយកលុយទាំងអស់ទៅ វិញហើយ ។

នគរបាលបានសន្និដ្ឋានថា ទូATM របស់ធនាគារកាណាឌីយ៉ានេះរងការខូចខាតប្រហែល៨០ភាគរយ។ បើតាមការ សន្និដ្ឋានរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាករណីនេះជនសង្ស័យមានបំណងបំផ្ទុះទូATMនេះយកប្រាក់នៅក្នុងនោះ ៕ ហេង សូរិយា

abc


ចែករំលែក៖