ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ត្រូវបានអ្នកភូមិ និងប្រជាការពារដេញចាប់ ប្រគល់ឲ្យនគរបាល ខណៈរូបគេបានល្បួង ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ក្នុងបំណងរំលោភសេពសន្ថវៈតែមិនបានសម្រេចដោយសារជីដូនក្មេងស្រីរងគ្រោះទៅទាន់។ ករណី នេះបានកើតកាលរសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចចម្ការស្វាយ របស់ឈ្មោះ តាហៀង យាយកង ខាងក្រោយ ផ្ទះក្មេងស្រីជនរងគ្រោះក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកថ្ពងបានឲ្យដឹងថា ជន សង្ស័យឈ្មោះ យ៉ា យ៉ែម អាយុ៥៦ឆ្នាំ មុខ របរធ្វេីស្រែ រស់នៅភូមិ-ឃុំខាងលើ។ រីឯ ក្មេងស្រីរងគ្រោះមានអាយុ៨ឆ្នាំរស់នៅក្នុងឃុំជាមួយគ្នា ។
បើតាមជីដូនក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅពេលដែលឪពុកម្ដាយនាងមិននៅផ្ទះនិងរូបគាត់រវល់ដាំស្លស្រាប់តែជន សង្ស័យបានមកលួងលោមនាងទៅចាប់ កង្កែប (ចម្លើយក្មេងស្រីរងគ្រោះ)។ ពេលដើរទៅដល់កន្លែងកេីតហេតុជនសង្ស័យបានធ្វេីសកម្មភាពចាប់រំលោភនាងតែមិនទាន់បានសម្រេចទេដោយរូបគាត់(ជីដូន)បាត់ចៅបានដើររកហើយស្រែកហៅនៅព្រៃខាងក្រោយផ្ទះស្រាប់តែឃើញឈ្មោះ យ៉ា យ៉ែម កំពុងធ្វើសកម្មភាពចាប់ចៅគាត់ប៉ងរំលោភ។ ពេលនោះគាត់ក៏ស្រែកឆោ ឡោឲ្យគេជួយធ្វើឲ្យជនសង្ស័យភ័យក៏រត់គេចខ្លួនទៅទិសខាងជើងតែម្តង ។
ជីដូនក្មេងស្រីរងគ្រោះបន្តថា ពេលនោះប្រជាការពារភូមិបាននាំគ្នាដេញចាប់បានជនសង្ស័យភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង៕ សេនាស័ក្តិ