ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ផ្លោងខ្ទាតចេញមកក្រៅផ្ទះ រងរបួសសុះពេញខ្លួនបណ្តាលឲ្យស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែឯប្តីបានរងរបួសស្រាល នៅក្នុងឧប្បត្តិហេតុផ្ទុះកាំជ្រូច នៅកន្លែងស្តុកកាំជ្រូចសម្រាប់លក់ នៅផ្សារព្រៃខ្មែរ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯក នី ភេទស្រី អាយុ៦៧ឆ្នាំ ជាប្រពន្ធ ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកប្តីមានឈ្មោះប៉ុន ធឺន អាយុ៧៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីជាប្រពន្ធ បានរៀបចំកាំជ្រូចនៅក្នុងផ្ទះ សម្រាប់យកទៅលក់ឲ្យគេ ក្នុងពេលរៀបចំនេះ បុរសជាប្តីចូលក្នុងបន្ទប់ទឹកងូតទឹក ក្នុងពេលនោះ ក៏ស្រាប់មានសំឡេងផ្ទះយ៉ាងខ្លាំងតែម្តងចេញពីផ្នែកខាងក្រោយនៃផ្ទះ បណ្តាលឲ្យស្រ្តីរងគ្រោះជាប្រពន្ធ ប៉ើងចេញពីក្នុងផ្ទះមកខាងក្រៅ និង រងរបួសសុះពេញទាំងខ្លួន និងដាច់ម្រាមដៃទៀតផង ចំណែកប្តីបានរងរបួសស្រាល ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅពេលដល់មន្ទីរពេទ្យ ដោយរបួសធ្ងន់ពេក ក៏បានសា្លប់តែម្តង ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ការទុកដាក់កាំជ្រូចនេះពុំមានសុវត្ថិភាព គួបផ្សំខែនេះ ជារដូវក្តៅផង ធ្វើឲ្យកាំជ្រូចងាយនឹងផ្ទុះឡើង ។ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុពិតប្រាកដ ៕ ចន្ថា