ខេត្តមណ្ឌលគិរី ៖ ករណីបុរស២នាក់ស្លាប់សង្ស័យពុលស្រានៅខេត្តមណ្ឌលគិរីនោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ លទ្ធ ផលពិសោធន៍បានបង្ហាញថា នៅក្នុងស្រាដែលជនរងគ្រោះបានផឹកគឺមានសារធាតុ ពុល ។ នេះបើតាមរបាយការណ៍វិភាគ របស់មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញហៅកាត់ថា កាំកុងត្រូល និងការបញ្ជាក់បន្ថែមរបស់លោកប្រធាន មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ។
តាមរបាយការណ៍ពិសោធន៍របស់ នាយកដ្ឋានកាំកុងត្រូលទៅលើសំណាក ស្រា.ស និងស្រាថ្នាំដែលដកហូតពីកន្លែងកើតហេតុត្រូវបានបែងចែកជា៣ដំណាក់កាលគឺទី១-ពិសោធន៍ទៅលើសំណាក ស្រា.ស នៅកន្លែងផលិតពុំមានសារធាតុ ពុលដែលអាចធ្វើឲ្យអ្នកផឹកស្លាប់ឡើយ ទី២-សំណាកស្រា.សនៅកន្លែងលក់ក្នុង ភូមិ ទីតាំងដែលគេទិញស្រាឲ្យជនរងគ្រោះ ផឹកឃើញថាមានសារធាតុមេតាណុល ៦.៩០ភាគរយ និងទី៣-សំណាកស្រាថ្នាំដែលសល់ពីផ្ទះជនរងគ្រោះមានជាតិមេតាណុលចំនួន៤,១០ភារយ ។ ចំនួនកម្រិត មេតាណុលដែលរកឃើញក្នុងស្រានេះ វាលើសពីចំនួនកំណត់ដែលគេអនុញ្ញាត ឲ្យមានត្រឹមតែ០,១៥ភាគរយប៉ុណ្ណោះ ។
លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ដលគិរីដែលចុះទៅអង្កេតស្រាវជ្រាវករណីពុលស្រានេះបានពន្យល់ថា យោងតាមការស្រាវជ្រាវឃើញថានៅទីតាំងប្រភពផ្តល់ស្រាដើម ពោលគឺកន្លែងបិត ស្រាពុំបានដាក់លាយសារធាតុមេតាណុលលើសកម្រិតនោះទេ ។ ចំណែកទីតាំងអ្នកទិញលក់តរកឃើញសារធាតុមេតាណុល លើសចំនួនកំណត់ ដែលគេអនុញ្ញាតឲ្យ ដាក់មិនឲ្យលើសពី០,១៥ភាគរយឡើយ ហើយបើអ្នកលក់ស្រាដាក់ជាតិមេតាណុលលើសចំនួនកំណត់នេះអាចបណ្តាលឲ្យ អ្នកផឹកស្លាប់បាន ។ ដូច្នេះលោកប្រធានមន្ទីរបានសន្និដ្ឋានថា ករណីនេះបណ្តាល មកពីអ្នកលក់ស្រានៅក្នុង ភូមិដែលបាន ទិញស្រាពីកន្លែងផលិត ។ បន្ទាប់មកលួចលាយសារធាតុមេតាណុលលើសកម្រិត ដើម្បីឲ្យស្រាខ្លាំង និងបរិមាណស្រាកើន ឡើងដើម្បីលក់ចំណេញច្រើន ។ ហើយ គាប់ជូនផ្ទះបុណ្យសពទិញយកទៅឲ្យភ្ញៀវផឹកទើបបណ្តាលឲ្យមានករណីពុលមនុស្សស្លាប់និងពុលទន់ដៃទន់ជើងក្អួតចង្អោរ ដូច្នេះ ។
សូមរំលឹកថា ជនរងគ្រោះក្នុងករណីពុលស្រាខាងលើនេះបានស្លាប់ចំនួន២នាក់។ ចំណែកអ្នករបួសមានអាការមិនសូវស្រួលត្រូវយកទៅជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខេត្តមណ្ឌលគិរីនិងខេត្តកំពង់ចាមដល់ទៅ ៩នាក់ ហើយក្រោយការព្យាបាលមាន អាការធូរស្រាលនិងបានចេញពីមន្ទីរពេទ្យ កាលពីថ្ងៃចន្ទកន្លងទៅអស់ហើយ ៕ សហការី