ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍នេត សាវឿន អំពាវនាវឲ្យសិស្សានុសិស្សនៅឲ្យឆ្ងាយពីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង៦បន្ទប់ នៅសាលាបឋមសិក្សាស្វាយ រមៀត ស្ថិតក្នុងឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

មានប្រសាសន៍ទៅកាន់លោកយាយ លោកតា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងស្រុកកញ្ជ្រៀច លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាណា ព្យាបាល សិស្សទាំងអស់ ត្រូវខិតខំអប់រំ ទូន្មានកូនចៅឲ្យប្រឹងប្រែងរៀនសូត្រ និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ ពិសេស ត្រូវបញ្ជូនកូនចៅឲ្យទៅសាលារៀនបានគ្រប់ៗគ្នា ព្រោះថាមានតែចំណេះដឹងទេ ដែលអាចកែប្រែសេដ្ឋកិច្ចជីវភាពរស់នៅ របស់គ្រួសារ ក៏ដូចជាសង្គមជាតិឲ្យមាន ការរីកចម្រើន ។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ទៀត ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ដឹកនាំបានខិតខំពុះពារគ្រប់ឧបសគ្គរក្សា បាននូវសុខសន្តិភាព ស្ថិរភាព រហូតអភិវឌ្ឍប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យដូចជាសព្វថ្ងៃនេះ ។ សុខ សន្តិភាពពេញលេញ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធ ចក្រ និងអាណាចក្រ ។ ជាក់ស្តែងនៅពេលនេះយើងបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីមួយទៀត គឺអគារសិក្សា២ខ្នង៦បន្ទប់របស់សាលាបឋមសិក្សាស្វាយ រមៀត ។

ក្នុងឱកាសនោះដែរ លោកនាយឧត្តម សេនីយ៍ក៏បានស្នើឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ជួយថែរក្សាអគារសិក្សាថ្មីទាំង២ខ្នងនេះ ឲ្យបានស្ថិតស្ថេរគង់វង្សទុកឲ្យបងប្អូនជំនាន់ក្រោយបានសិក្សារៀនសូត្របន្ត និងឲ្យ អង្គការស្គូលអេដជប៉ុន បន្តជួយសាងសង់ សាលារៀនឲ្យកាន់តែច្រើនបន្ថែមទៀត ។

លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកញ្រ្ជៀច បានឲ្យដឹងថា អគារសិក្សាថ្មីនេះ ចាប់ផ្តើម សាងសង់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ ចំណាយថវិកាអស់ ៣៦០លានរៀល (៩០.០០០ ដុល្លារ) ក្នុងនោះព្រះសង្ឃ អាចារ្យ គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងសប្បុរសជនបានចូលរួមថវិកាដើម្បីចាក់ដីបំពេញទីធ្លាសាលា អស់ថវិកា១០លានរៀល ។ បច្ចុប្បន្នវិស័យអប់រំស្រុកកញ្ជ្រៀចមានគ្រប់កម្រិតសរុប ៤៣កន្លែង មានអគារសិក្សាចំនួន៩៩ខ្នង ស្មើ៤១៩បន្ទប់ ក្នុងនោះវិទ្យាល័យមាន ១កន្លែង មានអគារ៦ខ្នង ស្មើ៣១បន្ទប់ អនុវិទ្យាល័យ ៧កន្លែង មានអគារ ១៧ខ្នង ស្មើ៥៦បន្ទប់ បឋមសិក្សា៣៥កន្លែង មាន អគារ៨២ខ្នង ស្មើ៣៣២បន្ទប់ មាន៧កម្រង មត្តេយ្យសិក្សារដ្ឋ មាន១៦កន្លែង ស្មើ២១ ថ្នាក់ មត្តេយ្យសិក្សាសហគមន៍មាន៥៧ ថ្នាក់ ស្មើ៥៧ភូមិ ។

លោកអភិបាលស្រុកបន្តថា ដើម្បីធានាបាននូវកំណើនការចូលរៀនរបស់សិស្សា នុសិស្សមានការកើនឡើងជាលំដាប់ គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ បានធ្វើសំណើគោរពស្នើសុំអគារ សិក្សាពីសម្តេចក្រឡាហោម ស ខេង នាឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សានៅអនុវិទ្យាល័យស្វាយរមៀតនេះផងដែរ ។ ជាការឆ្លើយតបសម្តេចក្រឡា ហោមបានផ្តល់ជូនតាមការស្នើសុំនូវអគារ ២ខ្នង ស្មើនឹង៦បន្ទប់ ក្នុងនោះ១ខ្នង២បន្ទប់ សម្រាប់មត្តេយ្យសិក្សា និង១ខ្នង ៤បន្ទប់ សម្រាប់បឋមសិក្សាតាមរយៈអង្គការស្គូល អេដជប៉ុន ។

ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភសាលាស្រុកកញ្ជ្រៀច១លានរៀល, តាជី យាយជី ៥០នាក់ម្នាក់ៗ ១ម៉ឺនរៀល កំណាត់ស ១ដុំ, លោកគ្រូ អ្នកគ្រូ ៦៨នាក់ ម្នាក់ៗ ២ម៉ឺនរៀល, គ្រូពេទ្យ១៥នាក់ ម្នាក់ៗ ២ម៉ឺនរៀល, យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជនស.ស.យ.ក សរុប១៥០នាក់ ម្នាក់ ១ម៉ឺនរៀល, សិស្សានុ សិស្ស ៦០០នាក់ ម្នាក់ៗ៥ពាន់រៀល សៀវ ភៅ១ក្បាល និងប៊ិច១ដើម និងបានចែក មួកសុវត្ថិភាពចំនួន២០០មួកដល់សិស្សានុ សិស្សផងដែរ ៕ សហការី

34


ចែករំលែក៖