ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មទទួលគណៈប្រតិភូជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូ ជប៉ុន ដឹកនាំដោយ Dr. Koichiro Kobayashi តំណាងរាស្រ្តប្រចាំខេត្តអូកាយ៉ាម៉ា ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។
លោករដ្ឋមន្រ្តីបានសម្តែងសេចក្តីសោមនស្សរីករាយដែលប្រតិភូជប៉ុនមានគម្រោងរៀបចំពិធីតាំងពិព័ណ៍ផ្សព្វផ្សាយបង្ហាញពីភាពទាក់ទាញរបស់ខេត្តអូកាយ៉ាម៉ា នៅ ក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីបាន បញ្ជាក់ពីចំណងមិត្តភាពរវាងប្រទេសជប៉ុននឹងកម្ពុជាថាមានភាពជិតស្និទ្ធស្ថិតស្ថេរ ក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរជាយូរមកហើយ។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថាកម្ពុជាចង់ឃើញវត្តមានជាច្រើនទៀតពីជប៉ុន ជាពិសេសគឺការបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាលើផ្នែក Food Processing ផ្នែកគ្រឿងយន្តកសិកម្ម(ម៉ាស៊ីនស្ទូងស្រូវ ម៉ាស៊ីនដាំដំឡូងមីជាដើម) និងបច្ចេកវិទ្យាដាំដុះថ្មីៗដែលអាចជួយ ដល់ប្រជាកសិករមានវ័យចំណាស់អាចទទួលបានភាពងាយស្រួលនៅក្នុងការធ្វើកសិកម្ម ហើយទទួលបានប្រាក់ចំណូលខ្ពស់ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាក៏មានជួបបញ្ហាដូចទៅនឹងប្រទេសជប៉ុនដែរ កសិករដែលមានវ័យក្មេងមិនសូវចាប់អារម្មណ៍លើការដាំដុះ រួចបាននាំគ្នាធ្វើចំណាកស្រុកទៅទីក្រុងនិងប្រទេសក្នុងតំបន់ ។ ម៉្យាងវិញទៀតផ្ទៃដីកសិកម្មរបស់កសិករមានទំហំតូចដែលមិនអាចឲ្យពួកគាត់បង្កើតជាកសិដ្ឋានធំៗបាន ដែលទាំងនេះគឺជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកំពុងតែព្រួយបារម្ភ ដូច្នេះលោករដ្ឋមន្រ្តី ចង់ឲ្យមានជំនាញការរបស់ជប៉ុនមកសហការជាមួយអគ្គនាយកដ្ឋានកសិកម្ដើម្បី ពិនិត្យមើលពីលទ្ធភាពដែលអាចជួយដល់កម្ពុជា ។

លោក Koichiro Kobayashi បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីដែលបាន អនុញ្ញាតឲ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកមានប្រសាសន៍ថា ខេត្តអូកាយ៉ាម៉ាគឺជាខេត្តដែលមានការរីកចម្រើនខ្លាំងខាង វិស័យកសិកម្មជាពិសេសដំណាំទំពាំងបាយជូរ ហើយសង្ឃឹមថាកម្ពុជានឹងមានកិច្ចសហការល្អបន្ថែមទៀតជាមួយខេត្តអូកាយ៉ាម៉ាលើវិស័យកសិកម្ម ។

លោក Koichiro Kobayashi បាន ជម្រាបជូនលោករដ្ឋមន្រ្តីថាប្រទេសជប៉ុន កំពុងតែខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងព្រោះកសិករនៅប្រទេសជប៉ុនភាគច្រើនមានវ័យចំណាស់អាយុរហូត៧០ឆ្នាំ ព្រោះប្រជាជនជប៉ុនក្មេងៗមិនចាប់អារម្មណ៍លើវិស័យកសិកម្មឡើយ។

ដូច្នេះប្រទេសជប៉ុនកំពុងតែរៀបចំគោលការណ៍ដើម្បីលើកទឹកចិត្តដល់ប្រជាជន វ័យក្មេងឲ្យងាកមកចាប់អារម្មណ៍លើវិស័យកសិកម្មវិញ។ លោកបានបន្ថែមពីលើនេះថាខេត្តអូកាយ៉ាម៉ានឹងបន្តពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជានិងផ្លាស់ប្តូរទស្សនកិច្ច សិក្សាជាមួយកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ៕ ហេង សូរិយា

9


ចែករំលែក៖