ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានប្រកាសបែងចែកតួនាទីនានារបស់សម្តេច វិបុលបញ្ញា សុខ អាន ទៅឱ្យក្រសួងផ្សេងៗ កាន់កាប់ឡើងវិញ។ ការប្រកាសបន្ទាន់នេះបានធ្វើឡើងបន្ទាប់ពីមានការបកស្រាយ មិនច្បាស់លាស់មួយថា តួនាទីទាំងនោះត្រូវ ប្រគល់ជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជារដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសអ្នកនាំពាក្យទីស្តីការគណៈ រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការលោក ផៃ សុីផាន ដែលផ្តល់ព័ត៌មានឲ្យអ្នកកាសែត ខុស។ ដូច្នេះសម្តេចបញ្ជាក់នៅពេលនេះ គឺគ្មានទេការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតប្រមាណ៩៨៤នាក់នៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ឱ្យដឹងថា តួនាទីរបស់សម្តេចវិបុល បញ្ញា សុខ អាន នឹងត្រូវបានបែងចែកទៅឱ្យរដ្ឋមន្រ្តីនៅក្រសួងយ៉ាងហោចណាស់ ចំនួន៦ ហើយតួនាទីមួយចំនួនក៏ត្រូវបានកែប្រែរួចហើយកាលពីដើមអាណត្តិ។
សម្តេចតេជោបញ្ជាក់ថា «សម្រាប់កិច្ចការទាក់ទងនឹងការកាត់ទោសខ្មែរក្រហម គឺក្រុមការងារនៅដដែលបង្កើនមនុស្សខ្លះ ហើយឯកឧត្តម ប៊ិន ឈិន ទទួលកិច្ចការ ងារនេះជំនួសសម្តេចវិបុលបញ្ញា សុខ អាន» ។
សម្តេចតេជោមានប្រសាសន៍ថា ឧប នាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទីស្តី ការគណៈរដ្ឋមន្រ្តីទទួលគ្រប់គ្រងសាលាក្តីកាត់ទោសខ្មែរក្រហមជំនួសសម្តេចវិបុលបញ្ញា សុខ អាន ហើយក្រុមការងារនៅ ដដែលបង្កើនមនុស្សខ្លះ ព្រោះការងារនេះជាការងារអន្តរវិស័យមួយហើយទំនាក់ទំនង រវាងកម្ពុជានឹងអង្គការសហប្រជាជាតិផង។
-អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារ ត្រូវបានផ្ទេរឲ្យទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ត្រូវតែងតាំងជាប្រធានអាជ្ញាធរអប្សរា ។
-គណៈកម្មការបេតិកភណ្ឌ និងយូណេ ស្កូក៏ត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ ។
-គណៈកម្មការផ្លូវដែកត្រូវបានប្រគល់ទៅឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង ។
ចំពោះប្រធានកាយឫទ្ធិវិញត្រូវបាន សម្រេចដាក់លោក ហង់ ជួនណារ៉ុន រដ្ឋ មន្រ្តីក្រសួង អប់រំ យុវជន និងកីឡាជំនួស សម្តេចវិបុលបញ្ញា សុខ អាន ។
-គណៈកម្មការវិស្វកម្មត្រូវបានដាក់នៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។
សម្តេចតេជោ ហ៊ុន សែន បានអះអាង ថា ការពិភាក្សាអំពីរឿងមួយចំនួននេះបានធ្វើឡើងតាំងដើមអាណត្តិមកម្លេ៉ះមិនមែនទើបតែពេលនេះទេ។ សម្តេចបានអះអាង ថា លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏ បានដឹងអំពីរឿងនេះដែរ ។
គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលមរណ ភាពកាលពីវេលាម៉ោង៦និង៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ ។
ក្រៅពីតួនាទីនៅក្នុងរាជរដ្ឋាភិបាល នៅ ក្នុងគណបក្សឯណោះវិញសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ បានសម្រេចចាត់តាំងលោក ប៉ុល សារឿន ឱ្យធ្វើជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវជំនួសសម្តេចវិបុលបញ្ញា សុខ អាន ហើយគណបក្សប្រជាជនកម្ពុជាក៏បានផ្ញើលិខិតទៅ គ.ជ.ប.ដោយស្នើដាក់ លោកជា វ៉ាន់ដេត ជាតំណាងរាស្ដ្រមណ្ឌល ខេត្តតាកែវបន្តពីសម្តេច សុខ អាន ថែម ទៀត ៕ ហេង សូរិយា