ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្តបានបង្ហាញខ្លួនក្នុងការផលិតបទចម្រៀងថ្មីពីរបទរបស់ខ្លួន ចាប់ពីព្រឹកថ្ងៃទី២២ ខែមីនា នៅទីតាំងថតនាតំបន់ភ្នំបាសិតខេត្តកណ្តាល។ បទចម្រៀងថ្មីនេះត្រូវបានផលិតករលើកឡើងថា មានក្តីរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយចេញលក់នៅលើទីផ្សារ ។
បទចម្រៀងប្រភេទញាក់កន្ត្រាក់អារម្មណ៍ពីរបទចុងក្រោយរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចប់ការថតហើយកាលពីរាត្រីថ្ងៃទី២២ ខែមីនា បន្ទាប់ពីការផលិតបទចម្រៀងប្រពៃណីជាច្រើនបទរបស់តារាចម្រៀងរូបនេះ ត្រូវបានធ្វើកាលពីកន្លងទៅ។ បទចម្រៀងចុងក្រោយពីរបទគឺបទ រាំតាមពូ និងបទ ម៉េចដែរ ត្រូវបានផលិតករលើកឡើងថា ជាបទចម្រៀងដែលផលិតកម្មសម្រិតសម្រាំងនិងរំពឹងថា នឹងអាចលេចចេញការគាំទ្រខ្លាំងនៅពេលចេញលក់នៅលើទីផ្សារ។
ផលិតករដែលដឹកនាំការផលិតបទចម្រៀងនេះបញ្ជាក់ដែរថា ឆ្នាំនេះតារាចម្រៀង ខេមរៈ សិរីមន្តមានបទចម្រៀងជាច្រើនបទក្នុងនោះ ក៏មានបទចម្រៀងមួយវ៉ុលផ្តាច់មុខផងដែរ។ ប្រភពថា បទចម្រៀងថតចុងក្រោយនេះ គឺមានការសម្រិតសម្រាំងទាំងបទភ្លេង ទំនុកច្រៀង និងទេសភាព នៃការផលិត ហើយទីតាំងដែលក្រុមការងារផលិតចុះមកផ្តិតយករូបភាពនៅទីនេះ ព្រោះតែជាទីតាំងដែលស្រស់ស្អាតតាមបែបលក្ខណៈស្រុកស្រែ។
ផលិតករលើកឡើងដែរថា ផលិតករកំពុងតែខិតខំផលិត និងធ្វើយ៉ាងណាឲ្យបទចម្រៀងនេះចេញលក់នៅលើទីផ្សារទាន់ពេលវេលា និងអាចធ្វើឲ្យទស្សនិកជនកាន់តែមានជម្រើសច្រើនក្នុងការកម្សាន្តសប្បាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕ វឌ្ឍនា