ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជាមុខសញ្ញាចោរលួចកាច់សោ.ក យកម៉ូតូយ៉ាងសកម្មនៅស្រុកថ្មពួកទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ។
លោកវរសេនីយ៍ទោ ខែមសោភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សល់ សុផល ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ជននេះកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើសកម្មភាពលួចកាច់សោ.កយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ប.មានជ័យ 1M-5325 ខណៈដែលម្ចាស់ម៉ូតូឈ្មោះ សុខ នី ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជិះទៅទុកមុខផ្សារបឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពីបាត់ម៉ូតូជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត។
បន្ទាប់ពីទទួលពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត និងដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សល់ សុផល នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីសាកសួរ។
នៅមុខសមត្ថកិច្ចជនសង្ស័យមិនព្រមឆ្លើយសារភាពពីទង្វើលួចកាច់សោកយកម៉ូតូនោះទេ តែគេបានសារភាពថា ខ្លួនគេជួញដូរគ្រឿងញៀន ។
ប៉ុន្តែសមត្ថកិច្ចដកហូតបានវត្ថុតាងនៅនឹងផ្ទះគឺមានដែកចំពុះទុងសំប៉ែតស្រួច១,កាំបិតស្រួច២,សោផ្សារភ្ជាប់ និងសោខ្សៀមុខរាងអក្សរ T ចំនួន៣,សោខ្វែងលេខ៨ ចំនួន១០, សោលេខ១២ចំនួន១, សោឈ្មោលអក្សរ L ចំនួន១, ដុំសោខូចចំនួន៣, ម៉ូតូចំនួន៣គ្រឿង ក្នុងគ្រោងឆ្អឹងម៉ូតូចំនួន២, ខ្នងកង់ម៉ូតូ៤,បូបម៉ូតូខាងមុខ២,អាវម៉ូតូចាស់ៗ៤,ស៊ីម៉ាំងម៉ូតូចាស់ៗ១ និងសម្ភារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ផងដែរថា ដោយឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវជុំវិញករណីនេះ និងមានវត្ថុតាងសាក្សី និងរូប សល់ សុផល មានភិនភាគដូចនៅរូបក្នុងកាមរ៉ាសុវត្ថិភាព ដូចចោរលួចកាច់សោក យកម៉ូតូកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផងនោះ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួន និងបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ៕ វណ្ណា