ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីចៅសង្កាត់ពន្សាំង និងលោកសុខ សម្បត្តិអភិបាលខណ្ឌពាក់មួកយក្សដាក់គ្នារឿងលុយ២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗកន្លងមកនេះ មានរឿងរកាំរកូសមួយបានកើតឡើងរវាងលោកស្រីចៅសង្កាត់ពន្សាំង នឹងលោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ ដែលឈានរហូតដល់ការពាក់មួកយក្សដាក់គ្នា ហើយក្នុងនោះ លោកស្រីចៅសង្កាត់ រួមជាមួយនឹងមេភូមិ អនុភូមិ រួមនឹងប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាតវ៉ា និងចោទប្រកាន់ទៅលើលោកអភិបាលខណ្ឌពីបទសោកប៉ាន់ ។

រឿងរ៉ាវខាងលើនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោកស្រីចៅសង្កាត់ និងមេភូមិ អនុភូមិប្រមូលផ្តុំគ្នាធ្វើសន្និសីទនៅលើដីទំនាស់មួយកន្លែង ដែលមានទំហំជិត១០០ហិកតា ។

លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំងបានអះអាងថា លោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ បានយកលុយចំនួន២ម៉ឺនដុល្លារឲ្យគាត់ដើម្បីឲ្យលោកស្រីចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិដីធ្លីចំនួន៤ប្លង់ ដែលមានលក្ខណៈមិនប្រក្រតី(គូស លុប) និងព្រំប្រទល់ដីខុសច្បាប់ ដែលស្ថិតនៅក្នុងភូមិចំនួន៧ នៃសង្កាត់ពន្សាំង ។

លោកស្រីបានបន្តទៀតថា មិនត្រឹមតែរឿងប៉ុណ្ណឹង លោកអភិបាលខណ្ឌបានប្រើពាក្យសម្តីមិនសមរម្យ ហើយដកសិទ្ធិអំណាចរបស់គាត់ថែមទៀតផង ។

បើតាមសម្តីលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានថ្លែងឲ្យដឹងថា ការលើកឡើងរបស់លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង វាមិនត្រឹមត្រូវនោះទេ ហើយលុយចំនួន២ម៉ឺនដុល្លារ គាត់ពិតជាទទួលស្គាល់ថាយកទៅឲ្យលោកស្រីចៅសង្កាត់ប្រាកដមែន តែលុយនេះ គាត់ស្នើសុំពីឧកញ៉ា សុខ ហេង ដើម្បីឲ្យលោកស្រីអភិវឌ្ឍន៍នៅក្នុងសង្កាត់ ។ លុយទាំងនោះ ក៏បានបង្វិលទៅលោកអភិបាលខណ្ឌវិញ ដើម្បីប្រគល់ទៅឲ្យលោកឧកញ៉ាវិញចុះ ។

តំណាងប្រជាពលរដ្ឋដែលបានមកគាំទ្រលោកស្រីចៅសង្កាត់បានបញ្ជាក់ថា តាមពិតដីរួមភូមិជិត១០០ហិកតានេះ ប្រជាពលរដ្ឋបានលក់ទៅឲ្យឈ្មោះ លីវ សុខ និងឈ្មោះ អួង និងឈ្មោះ អឹម សុភារី ដោយទទួលបានលុយគ្រប់ចំនួនតាមគ្រួសារអស់ហើយ ហេតុអ្វីបានជាលេចមុខឈ្មោះឧកញ៉ា សុខ ហេង មកកាន់កាប់នៅលើដីមួយនេះ ៕ អរុណរះ

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖