ខេត្តមណ្ឌលគិរី៖ អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែងបណ្ដាលឲ្យក្មេងតូចៗ២នាក់ ស្លាប់កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់លោកឡេវ វិបុល បានឲ្យដឹងថា ក្មេចតូចទាំង២នាក់ ដែលបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងអណ្ដាតភ្លើងនោះ ដោយសារការធ្វេសប្រហែសរបស់ឪពុក-ម្ដាយ នៅពេលពួកគាត់បានទៅលេងផ្ទះអ្នកជិតខាងទុកឲ្យពួកគេគេងក្នុងផ្ទះតែពីរនាក់បងប្អូន ។
ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុក-ម្ដាយក្មេងរងគ្រោះបានចេញទៅលេងផ្ទះបងប្អូន ដែលចម្ងាយប្រមាណ៥០ម៉ែត្រពីផ្ទះរបស់ខ្លួន និងបានទុកឲ្យកូនទាំងពីរនាក់គេងក្នុងផ្ទះលុះបន្តិចក្រោយមក ក៏មានគេស្រែកប្រាប់ភ្លើងឆេះផ្ទះ ទើបឪពុក-ម្ដាយក្មេងរងគ្រោះ រួមនិងអ្នកជិតខាងបាននាំគ្នាជួយពន្លត់ភ្លើង ប៉ុន្តែដោយសារភ្លើងឆាបឆេះខ្លាំង គេមិនអាចពន្លត់ភ្លើងបាននោះទេ ។
សមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានប្រាប់ថា ក្មេងប្រុសដែលបានស្លាប់មានអាយុ០៤ឆ្នាំ រីឯក្មេងស្រីអាយុទើប២ឆ្នាំប៉ុណោះ ក្មេងរងគ្រោះទាំងពីរបងប្អូនជាជនជាតិដើមភាគតិចព្នង ។ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចរួមជាមួយឪពុក-ម្ដាយក្មេងរងគ្រោះបានកាយរកឃើញឆ្អឹងក្មេងទាំងពីរនាក់ហើយ ។
ដោយឡែកផ្ទះដែលត្រូវភ្លើងឆេះនេះសមត្ថកិច្ចបញ្ជាក់ថា មានទទឹង៦ម៉ែត្រ បណ្ដោយ៧ម៉េត្រ ហើយក្នុងផ្ទះនេះ ក៏មានស្រូវ៤០បេ ត្រូវភ្លើងឆេះគ្មានសល់ផងដែរ។
បើតាមសមត្ថកិច្ចមូលហេតុចំបងដែលបណ្តាលអោយមាន អគ្គីភ័យនេះអាចបណ្តាលមកពីភ្លើងទៀន ៕ ឦសាន