ខេត្តតាកែវ ៖ បន្ទាប់ពីមានការសង្ស័យថា ទីតាំងកែឆ្នៃផលិតគ្រឿងសង្ហារឹមពីឈើប្រណីតមួយកន្លែងបើកដំណើរការដោយគ្មានច្បាប់ មន្ត្រីនាយខណ្ធរដ្ឋបាលព្រៃឈើខេត្តតាកែវ បានចុះត្រួតពិនិត្យ និងបានដកហូតឈើមិនទាន់កែឆ្នៃមួយចំនួន ។
ហេតុការណ៍នេះ ដឹងនាំដោយលោក ផាន់ សុភ័ក្រ ព្រះអាជ្ញារង ខេត្តតាកែវ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរច្រកទ្វាអន្តរជាតិភ្នំដិន ក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
បើតាមមន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើបានបង្ហើបឲ្យដឹងថា ដោយមានការ សង្ស័យនៅចំណុចទីតាំងកែឆ្នៃផលិតគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតៗខាងលើនេះ ថា អាចមិនមានច្បាប់ទម្លាប់ ត្រឹមត្រូវសម្រាប់ប្រកបអាជីវកម្ម ទើបជំនាញសហការគ្នាជាមួយសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារងផងនោះ សម្រេចចុះទៅត្រួតពិនិត្យរកឯកសារប្រកបអាជីវកម្ម និងពិនិត្យទៅលើឈើដែលមិនទាន់កែឆ្នៃមួយចំនួនដើម្បីឲ្យម្ចាស់ទីតាំងបង្ហាញឯកសារ នៃប្រភពឈើដែលបានទិញ។
ពាក់ព័ន្ធករណីខាងលើនេះ កម្មករដែលអះអាងខ្លួនថាជាអ្នកចាំកន្លែងឲ្យថៅកែនោះបានប្រាប់ថា កន្លែងផលិតគ្រឿងសង្ហារឹមនេះបើកដំណើរការជិតកន្លះឆ្នាំមកហើយ ដោយមានថៅកែឈ្មោះ ណន់ រ៉ូន ។ គាត់បន្តថា ប្រសិនបើមិនមានច្បាប់នោះទេ ម្ល៉េះទីតាំងនេះមិនអាចដំណើរការបាននោះទេ ព្រោះវានៅជាប់ នឹងផ្លូវជាតិពិសេសនៅជិតភ្នែក សមត្ថកិច្ចផងដែរ ។
ជាលទ្ធផលមន្ត្រីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយនោះនៅឡើយទេ ព្រោះមិនមានកិច្ចសហការ ពីសំណាក់ម្ចាស់ទីតាំងផលិតគ្រឿងសង្ហារឹម។
ក្នុងកិច្ចប្រត្តិបត្តការនេះ មន្ត្រីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើសម្រេចដកហូតឈើដែលមិនទាន់កែឆ្នៃមួយចំនួន យកមករក្សាទុកនៅខ័ណ្ឌរដ្ឋព្រៃឈើខេត្តតាកែវដើម្បីស្រាវជ្រាវបន្តទៅទៀត៕ ភ្នំដា