ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងក្រុង ប៉ោយប៉ែតពីមួយឆ្នាំទៅមួយឆ្នាំមានការ កើនឡើងជាបន្តបន្ទាប់អំពីចំនួនកាស៊ីណូ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មិនថាថ្មី ឬចាស់នោះទេកាស៊ីណូទាំងនោះបានបើកឲ្យពលរដ្ឋខ្មែរចូលលេងម៉ាសេរីបំពាននឹងច្បាប់គ្មានសមត្ថកិច្ចឬអាជ្ញាធរណាចេញហាមឃាត់ឡើយដែលផ្ទុយពីបទបញ្ជា របស់រដ្ឋាភិបាលបានដាក់ចេញលើបញ្ហាល្បែងស៊ីសងនេះ ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ដើម ឡើយមានតែកាស៊ីណូនៅជាប់នឹងព្រំដែនកម្ពុជា-ថៃក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃទីតាំងកាស៊ីណូរីក សាយភាយដល់លំនៅឋានពលរដ្ឋរួមមាន កាស៊ីណូឡាក់គី, កាស៊ីណូឡាហ្គ្រោន, កាស៊ីណូរិច, កាស៊ីណូប៉ោយប៉ែតភែលេស ផ្លាសក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែតដែលសុទ្ធតែទើបបើកថ្មី ហើយពលរដ្ឋខ្មែរគ្រប់ឋានៈសុទ្ធតែអាចចូលលេង ចាក់ជាលុយសុទ្ធប្រភេទលុយបាត ដោយពុំចាំបាច់ដូរកាក់របស់កាស៊ីណូឡើយ។ ភាគច្រើនល្បែងដែលកាស៊ីណូបើកឲ្យ លែងរួមមាន ភ្នាល់បាល់ រូឡែត បាញ់ត្រី បេងឃើរ-ផ្លេយើរ (Banker-Player) ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនិងអាជ្ញាធរក្នុងប៉ោយប៉ែតបានឲ្យដឹងថា ការ ដែលកាស៊ីណូអាចបើកដំណើរការបាន សុទ្ធតែមានច្បាប់អនុញ្ញាតនិងមានសមត្ថកិច្ចថ្នាក់ក្រសួងប្រចាំការគ្រប់កាស៊ីណូ ។
ទោះបីជាមានការអះអាងយ៉ាងនេះក្តី បើតាមច្បាប់និងការណែនាំរបស់ក្រសួង មហាផ្ទៃកន្លងទៅថ្មីៗនេះលើការគ្រប់គ្រងល្បែងស៊ីសង់កាស៊ីណូទូទាំងប្រទេសដែល មានច្បាប់អនុញ្ញាតពីរដ្ឋាភិបាលហាមដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេងនោះទេ ។
ការដែលកាស៊ីណូ ឬសមត្ថកិច្ចប្រចាំ ការតាមកាស៊ីណូនីមួយៗបានបើកឲ្យពលរដ្ឋខ្មែរចូលលេងវាបានបង្កភាពងាយស្រួល ដល់ក្រុមអ្នកញៀនល្បែងទាំងឡាយដែលតែងតែលួចលាក់លេងល្បែងស៊ីសងគេចពីការចាប់របស់សមត្ថកិច្ចមកពួនសំងំលេង យ៉ាងសប្បាយ ៕ ហេង សូរិយា