ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ស្ថិតនៅទីរួមខេត្តក្រចេះ។ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះនេះមានចំនួន៣ខ្នង កម្ពស់ ៣ជាន់ មាន៤៨បន្ទប់។ អគារសិក្សានេះ ត្រូវបានសម្តេចសម្រេចផ្តល់ជូនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអភ័យទោសចំពោះការខ្វះចន្លោះ ដែលជាការបារម្ភរបស់លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស និងមាតាបិតាអាណាព្យាបាល ចំពោះកង្វល់សុវត្ថិភាពនៃអាគារទ្រុឌទ្រោម។ សម្តេចតេជោ អំពាវនាវអោយក្រសួងអប់រំពិនិត្យឡើងវិញចំពោះអាគារចាស់ៗនៅទូទាំងប្រទេស ហើយត្រូវរៀបចំកសាងឡើងវិញ។ កន្លងមកដូចជាមាន វិទ្យាល័យបឹងកុក នៅកណ្តាលទីក្រុងកំពុងចាម និងវិទ្យាល័យសម្តេចតេជោហ៊ុនសែនក្រុងក្រចេះនេះជាដើម ដែលពេលនេះបានធ្វើហើយមុនគេ។ សមិទ្ឋផលនៅក្នុងខេត្តនេះគឺកសាងមិនទាន់ចប់ទេ គឺមានមន្ទីរពេទ្យព្រះសង្ឃ និងវិទ្យាល័យនៅថ្មគ្រែនឹងកសាងរួចរាល់នៅពេលខាងមុខនេះ។
សម្តេចតេជោ មានជំនឿថា លោកគ្រូអ្នកគ្រូ និងមាតាបិតាពិតជារីករាយដែលកូនៗមានសមិទ្ឋផលសិក្សាថ្មី។ សម្តេចតេជោរីករាយក្នុងការប្រគល់សាលារៀននេះជាប្រយោជន៌សាធារណៈនៅថ្ងៃនេះ។ នៅក្នុងអាណត្តិដែលសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាង៣៨ឆ្នាំមកនេះ គឺវិស័យអប់រំបានរីកស្គុះស្គាយ ដែលពីមុន គឺកូនខ្មែរ រៀនតាមដើមឈើ យកធ្យូងធ្វើដីសរសេរ និងបង្រៀតាមល្ខណៈអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។
វិស័យអប់រំខេត្តក្រចេះនេះគឺកំពុងរីកដុះដាល ដែលមានវិទ្យាល័យកើតឡើងគ្រប់ស្រុក។ កាលពីមុនគឺមានតែ១គឺ វិទ្យាល័យព្រះមហាក្សត្រយ៉ានីព្រះកុសុមៈ។ យើងត្រូវបន្តកសាងថែមទៀត ក្រោមដំបូលសន្តិភាព ព្រោះសង្រ្គាមបានបំផ្លាញប្រទេសជាតិអស់ជាច្រើនមកហើយ។ ឱកាសប្រជាជនខ្មែរយើងគឺមានតាមរយៈសន្តិភាព និងតាមរយៈហេដ្ឋារចនាមសម្ព័ន្ឋថ្មីៗនិងបណ្តាញផ្លូវកាត់ខ្វាត់ខ្វែងពីទីនេះទៅកាន់បណ្តាខេត្តផ្សេងៗ ហើយមិនខុសពីទីក្រុងទេ។ នៅពេលអនាគត សកលវិទ្យាល័យនឹងកើតឡើងថែមទៀតនៅខេត្តក្រចេះ ហើយនៅទីនេះក៏មានសាលាគរុកោសល្យបណ្តុះបណ្តាលគរុសិស្សទៀតផង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ប្រាក់ខែគ្រូបង្រៀនក៏បានតម្លើងសមរម្យហើយ។ នៅក្នុងខែមេសា ២០១៧នេះ គឺបងប្អូនមន្រ្តីរាជការនឹងទទួលបានប្រាក់ខែថ្មីជាមួយនឹងការឧបត្ថម្ភបន្ថែមសម្រាប់បុណ្យចូលឆ្នាំ ៥ម៉ឺនរៀលទៀតផង។ ការដាំដើមឈើគឺត្រូវការពេល ៤-៥ឆ្នាំ។ តែការបណ្តុះបណ្តាលធនធានមនុស្សគឺត្រូវការពេលវេលាច្រើនណាស់រហូតទៅដល់ ១២ឆ្នាំ ១៤ឆ្នាំ ១៨ ឆ្នាំ ឬ២០ឆ្នាំ ។ សមិទ្ឋផលសន្តិភាព គឺយើងបានខិតខំខ្លាំងណាស់ទើបកើតមានមកទល់សព្វថ្ងៃ ដូច្នេះយើងត្រូវការពារ រក្សាសមិទ្ឋិផលសង្គមជាតិ អោយបានស្ថិតស្ថេរ ដូចជា សាលារៀន ផ្លូវថ្នល់ ស្ពាន និងមន្ទីរពេទ្យជាដើម ហើយសូមបងប្អូនកុំដឹកទំនិញលើសចំណុះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានរំលឹកអំពីកាបោះឆ្នោតឃុំសង្កាត់នៅក្នុងថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ គឺសូមគ្រប់បក្សនយោបាយទាំងអស់ គោរពតាមក្រមសីលធម៌នៃការបោះឆ្នោត។ សូមឃោសនាដោយយកតាម ការឃោសនាពាណិជ្ជកម្មធ្វើជាគម្រូ (ឃោសនាអំពីទំនិញតែប៉ុណ្ណោះ) កុំបន្តុះបង្អាប់បក្សអ្នកដទៃ ដែលអាចបង្កអោយមានជម្លោះផ្សេងៗ។ រីឯចំពោះលេខរៀងបោះឆ្នោតវិញ គឺបក្សនីមួយៗចាប់បានទៅតាមលេខរៀងផ្សេងៗមិនច្បាស់ថាបានតែលេខរៀងដូចមុនទេ។ យើងមាន ១៧០០ឃុំ គឺមានលេខរៀងខុសៗគ្នា។ ចំពោះការបោះឆ្នោតសាកលគឺត្រូវចាប់លេខរៀងសារជាថ្មីម្តងទៀត។ ការចាប់ឆ្នោតយកលេខរៀងនេះ គឺសម្រាប់គណបក្សនយោបាយទាំងអស់។ សំខាន់បំផុតនោះ គឺបងប្អូនត្រូវចងចាំនិងស្គាល់សញ្ញាគណបក្សអោយបានច្បាស់ ដូចជាបក្សប្រជាជនគឺរូបសញ្ញា”ទេវតាបាចផ្កា “។ សូមកុំអោយមានជម្លោះ គឺកុំប្រមាថ និងកុំជេរគ្នា។ យើងដឹងហើយថាផលប្រយោជន៍សន្តិភាព គឺនាំមកនូវការរីកចម្រើនទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រជាពលរដ្ឋក្រចេះ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រគណបក្សប្រជាជន និងសង្ឃឹមថាបងប្អូននឹងបន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនតទៅទៀត ដើម្បីធានារក្សាសន្តិភាព និងធានាការអភិវឌ្ឍជាបន្តទៀតសម្រាប់ប្រទេសជាតិយើង។
នៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចែកជូនសៀវភៅ “ច្បាប់ក្រមង៉ុយ” ដល់ក្មួយៗ ចៅៗសិស្សានុសិស្សទាំងកម្រិតវិទ្យាល័យ និងអនុវិទ្យាល័យដើម្បីជាប្រយោជន៍បន្ថែមដល់ចំណេះដឹង និងពេលក្រោយអាចបញ្ជូនគម្ពីរសាស្រ្តាស្លឹករិទ្ឋមកតាមសាលារៀន និងវត្តអារាមទៀតផង។ មុននឹង សម្តេចតេជោ អញ្ជើញកាត់ខ្សែបូរសម្ពោធសាលារៀន និងសមិទ្ឋផលមួយចំនួនទៀតនៅទីនេះ សម្តេចបានឧបត្ថម្ភថវិកាមួយចំនួនជូនក្មួយៗចៅៗសិស្សានុសិស្ស គរុសិស្ស និងលោកគ្រូអ្នកគ្រូ ក្រុមតន្រ្តីសម័យ និង សាលារៀនមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានផ្តល់ កំព្យូទ័រ ១០គ្រឿង ម៉ាស៊ីនព្រីនថឺ៥ និងម៉ាស៊ីនគុបពី១ ដល់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានផ្តល់ជូននូវដំណើរកំសាន្តដល់គរុសិស្ស ៩៧ នាក់ និងគ្រូសាលាគរុសិស្ស ព្រមទាំងគ្រូបឋមសិក្សាអនុវត្តន៌ទៅកាន់អង្គរវត្តទៀតផងមុនពេលចូលឆ្នាំថ្មី ២០១៧ នេះ៕
ប្រភព៖ ហ្វេសបុកសម្តេចតេជោ