ភ្នំពេញ ៖ ករណីផ្ទុះឡចំហាយបណ្តាល ឲ្យស្លាប់ម្នាក់ និងរបួស៧នាក់ នៅក្នុងខណ្ឌ សែនសុខ កាលពីសប្តាហ៍មុន អ្នកដែល ទទួលខុសត្រូវធំបំផុត គឺក្តឹបកម្មករម្នាក់ ដែលត្រូវបានគេចាប់បញ្ជូនឲ្យទៅប្រឈម មុខចំពោះច្បាប់ នៅគ្រាដែលថៅកែក្រុម ហ៊ុន សិន តៃ កម្ពុជា ដែលគេចាត់ទុកមេ ក្លោងធំ មិនបានចេញមកទទួលខុសត្រូវអ្វី ទាំងអស់ ។ ផ្ទុយទៅវិញផលប្រយោជន៍ ដែលទទួលបានក្នុង១ឆ្នាំៗរាប់សិបលាន ដុល្លារនោះ គឺថៅកែក្រុមហ៊ុននេះមិនមែន ក្មេងម្នាក់ ដែលជាកម្មករត្រូវសមត្ថកិច្ចចាប់ បញ្ច្រកគុកនោះទេ ។
ក្រុមមន្រ្តីនគរបាល ខណ្ឌ សែនសុខ រាជធានីភ្នំពេញបានបញ្ជូនកម្មករបម្រើការផ្នែកឡចំហាយម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែ មីនា ពាក់ព័ន្ធនឹងសំណុំរឿងផ្ទុះឡដុតអុសយកចំហាយរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ សិន តៃ កម្ពុជា (Zhen Tai Garment (Cambodia) Co., Ltd) ដែលបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និងរបួស៧នាក់ ក្នុង នោះស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ ផងបានរង របួសរលាកកម្ដៅ និងបាក់ជើង កាលពីថ្ងៃ ទី២២ ខែមីនា។
អធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង ថ្លែងថា ភ្លាមៗបន្ទាប់ពីមានករណីផ្ទុះឡ ដុតអុសយកចំហាយរបស់រោងចក្រ កម្មករម្នាក់ដែលជាអ្នកបម្រើការផ្នែកឡនោះត្រូវបានឃាត់ខ្លួនយកមកសាកសួររយៈពេល ២ថ្ងៃ ហើយនៅព្រឹកថ្ងៃទី២៥ ខែមីនា បាន បញ្ជូនទៅដល់តុលាការហើយ។ ប៉ុន្តែលោកមិនបានប្រាប់លម្អិតអំពីបទចោទ និងការពាក់ព័ន្ធករណីផ្ទុះនេះថាយ៉ាងណានោះទេ ។
យុវជនដែលឃាត់ខ្លួននោះ មានឈ្មោះ អ៊ូ វុន អាយុ ២៦ឆ្នាំ។
ករណីផ្ទុះឡដុតអុសយកចំហាយរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ សិន តៃ នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាល ពីថ្ងៃទី២២ ខែមីនា បណ្ដាលឲ្យកម្មការិនី ម្នាក់ស្លាប់ និងរបួស៧នាក់ ។
ឡចំហាយដែលផ្ទុះនោះ មានទំហំ ទទឹងប្រមាណ១ម៉ែត្រកន្លះ និងបណ្ដោយ ជិត២ម៉ែត្រកន្លះ ពេលផ្ទុះឡនោះបាន ហោះពីទីតាំងដើមទម្លុះដំបូលស័ង្កសីផ្លោងទៅត្រូវកម្មការិនីដែលកំពុងអង្គុយលេង បន្ទាប់ពីបាយថ្ងៃត្រង់ នៅចម្ងាយប្រមាណ ១០០ម៉ែត្រ ។
កម្មការិនីម្នាក់ឈ្មោះ ឃី ស្រីម៉ៅ អាយុ ២៣ឆ្នាំ ជាបុគ្គលិកផ្នែកពិនិត្យកំពុងព្យាបាលជើងឆ្វេងដែលបាក់និងរលាកចំហាយក្ដៅនៅលើដងខ្លួន និងផ្ទៃមុខមួយចំហៀងផង នៅឯមន្ទីរពេទ្យព្រះកុសុមៈ។ នាងបាន រៀបរាប់ថា គ្រូពេទ្យប្រាប់នាងថា កូនក្នុង ផ្ទៃនាង៤ខែ មិនមានបញ្ហាអ្វីនោះទេ រីឯ ជើងនាងអាចនឹងដើរវិញបាន ប៉ុន្តែត្រូវប្រើពេលយូរបន្តិច។នៅពេលនេះនាងរកគិតអ្វីពុំឃើញឡើយ ក្រៅអំពីនឹកឃើញតែព្រឹត្តិការណ៍នោះជាប់ជានិច្ច ។
ប្តីរបស់ស្រ្តី ឃី ស្រីម៉ៅ លោក យ៉េង ប៊ុនលី អំពាវនាវឲ្យភាគីរោងចក្រ សិន តៃ គិតគូរជួយផ្ដល់ជាគោលនយោបាយខ្លះដល់គ្រួសារគាត់ ក្រៅអំពីជំនួយព្យាបាលពីបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ ថា ប.ស.ស នៃក្រសួងការងារ ។
ប្រធានរដ្ឋបាលសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ លោក ថោង សឿនមានប្រសាសន៍ ថា សហព័ន្ធសហជីពនឹងបន្តឃ្លាំមើលការអនុវត្តទូទាត់សំណងពីប.ស.ស និងពិនិត្យតាមការផ្ដល់សំណងពីរោងចក្របន្ថែមលើប.ស.ស ដើម្បីឲ្យអ្នករងគ្រោះទទួលបានសំណងទៅតាមច្បាប់ ។
ក្នុងចំណោមកម្មការិនីដែលសម្រាក ព្យាបាលរបួស៧នាក់ ម្នាក់បានត្រឡប់ទៅ វិញផ្ទះវិញ។ អ្នកដែលកំពុងបន្តព្យាបាល បានលើកឡើងថា ពួកគេមិនត្រូវការប្ដឹង ផ្ដល់ថៅកែរោងចក្រ ឬសំណូមពរឲ្យក្រុមហ៊ុនកែលំអស្ថានភាពក្នុងរោងចក្រអ្វីនោះទេ គឺគ្រាន់តែសុំនៅពេលពួកគេចេញពីមន្ទីរពេទ្យក្រុមហ៊ុននៅទទួលពួកគេឲ្យចូលធ្វើការវិញ ។
ករណីនេះធ្វើឲ្យមានការរិះគន់យ៉ាង ខ្លាំងពីសាធារណជន ជាពិសេសក្រុមកម្ម ករដែលធ្វើការនៅក្រុមហ៊ុនខាងលើ ។ គេ ដឹងថា អ្នកដែលទទួលខុសត្រូវចំពោះមុខ ច្បាប់មិនមែនក្តឹបកម្មករម្នាក់នោះឡើយ ពោលគឺថៅកែក្រុមហ៊ុនជាអ្នកទទួលរ៉ាប់ រង និងទទួលខុសត្រូវធំបំផុតក្នុងករណី នេះ ។ ហេតុអ្វីត្រូវចាប់ក្តឹបកម្មករម្នាក់ឲ្យ មកទទួលទោសជំនួសយ៉ាងដូច្នេះ ឬមួយ មានលុយអាចធ្វើអ្វីៗបានមែន ? ៕ នរិន្រ្ទ