ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យអ្នកវិនិយោគក្រុមហ៊ុនចិនពីរដ្ឋធានីប៉េកាំងប្រទេសចិន មកចាប់អារម្មណ៍ការវិនិយោគនៅភ្នំពេញ ខណៈរាជធានីដ៏ចំណាស់នៃ ប្រទេស កម្ពុជាមួយនេះ កំពុងដង្ហើយហៅគម្រោងវិនិ យោគនានា ពីក្រៅប្រទេស ។ រាជធានីកំពុងត្រូវការអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការវិនិយោគទៅ លើផ្នែកសំណង់អគារ ឧស្សាហកម្ម សណ្ឋាគារ ទេសចរណ៍ ជាដើម។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញ បែបនេះ ខណៈ លោក ទទួលជួប ពិភាក្សាការងារ ជាមួយ លោក ម៉ាជី លីន(Maji Lin) ប្រធានគណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនចិនប្រចាំរដ្ឋធានីប៉េកាំង ក្នុងឱកាសលោក ដឹកនាំគណៈ ប្រតិភូអ្នក វិនិយោគមកពី រដ្ឋធានីប៉េកាំង ប្រទេសចិន មកទស្សនកិច្ចកិស្សាស្វែងយល់ ពីសេដ្ឋកិច្ចនៅកម្ពុជារយៈពេល១សប្ដាហ៏ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមកដល់ភ្នំពេញជាលើកដំបូង។
លោក ម៉ាជី លីន បានឲ្យដឹងថា ៖ គណៈប្រតិភូដែល បាន មកដល់ភ្នំពេញនេះ គឺក្នុងបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីភូមិសាស្ត្រ និងសក្តានុពលរបស់រាជធានីភ្នំពេញ ដើម្បីឈានទៅដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងការចងសម្ព័ន្ធមេត្រីភាព។
លោកបន្ថែមថា ៖ ការមកដល់ភ្នំពេញ ក៏ជាផ្នែកមួយមកពិនិត្យក្រុមហ៊ុនចិនមកពីរដ្ឋធានីប៉េកាំង ដែលបាននឹងកំពុងពីដំណើរការអាជីវកម្មនៅភ្នំពេញ។ លោកឲ្យដឹងថា ក្រុមហ៊ុនចិនមកពីប៉េកាំងកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចមួយកន្លែងនៅភ្នំពេញក្នុងទំហំផ្ទៃដី១.៥០០ហិកតា មានផ្នែកដូចជា៖ ឧស្សាហកម្មរោងចក្រ ទេសចរណ៍ អគារលំនៅដ្ឋាន និងការិយាល័យ ជាដើម។
លោក ម៉ាជី លីន មានប្រសាសន៍ថា «បើសិនរដ្ឋធានីទាំងពីរ(ប៉េកាំង-ភ្នំពេញ) ចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នា វានឹងជំរុញនូវទំនាក់ទំនងដ៏ជិតស្និទនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទីក្រុងទាំងពីរឲ្យកាន់តែមានភាពរលូន ពិសេសជំរុញការវិនិយោគពីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ»។ លោកបន្តថា ថ្វីត្បិតតែរដ្ឋធានីប៉េកាំងមានទំហំផ្ទៃដី និងប្រជាជនច្រើនជាងភ្នំពេញ តែក្រុងទាំងពីរមានបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា ពិសេសកំណើនប្រជាជន និងរថយន្ត ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងផ្នែកបរិស្ថានដូចជា៖ តំបន់ឧស្សាហកម្ម សំរាម ជាដើម។ លោក ម៉ាជី លីន បានឲ្យដឹងថា ការទុកដាក់សំរាមនៅរដ្ឋធានីប៉េកាំង ត្រូវបានបែងចែកជា២ប្រភេទ ក្នុងនោះសំរាមដែលអាចកែច្នៃឡើងវិញត្រូវរក្សាទុកដោយឡែក។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ភ្នំពេញកំពុងខិតខំដោះស្រាយនូវបញ្ហាប្រឈម៣គឺ៖ ការកកស្ទះចរាចរណ៍ ការស្ទះលូបង្ហូរទឹក និងការស្ទះសម្រាម ដែលបញ្ហានេះទាមទារនូវការវិនិយោគ និងការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។ លោកបន្ដថា ៖ មហាមិត្តចិនតែងតែយកចិត្តទុកដាក់ក្នុងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយ និងកម្ចីមកកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅឆ្នាំនេះទៀតសោត កម្ពុជា ពិសេសរាជធានី ភ្នំពេញតែម្តង កំពុងតែរង់ចាំនូវជំនួយរថយន្តក្រុងចំនួន ១០០គ្រឿងពីប្រទេសចិន។ លោលបន្ដថា ៖ កម្ពុជា និងចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូ រលង់មកហើយ ហើយប្រទេសទាំងពីរ ក៏ងាយស្រូបយក វប្បធម៌ពីគ្នាទៅវិញទៅមក។
លោកបន្ដថា៖ ភ្នំពេញ និងទីក្រុងចំនួន១១របស់ប្រទេសចិន បានចុះអនុស្សារណៈយោគយល់គ្នាលើសម្ព័ន្ធមេត្រីភាពរួចហើយ នៅឡើយតែរវាងភ្នំពេញ និងរដ្ឋធានីប៉េកាំង៕ សំរិត