ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាកាច់សោ ក ម៉ូតូ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនបន្ទាប់ពីមានការចង្អុលបង្ហាញប្រាប់ពីជនរងគ្រោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៨និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលផ្លូវបេតុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក តុន តូនី នាយប៉ុស្តិ៍នគរបាលដង្កោបានអោយដឹងថា ជនរងគ្រោះដែលមានឈ្មោះ យី ជួន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដូនៅផ្ទះ ហើយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីព្រឹក ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH.4414 ចតទុកនៅមុខផ្ទះ រួចក៏ត្រូវបានជនសង្ស័យលួចកាច់សោ កយកទៅបាត់ តែពេលនោះរូបគាត់មិនបានទៅដាក់ពាក្យបណ្ដឹងទេ លុះមកដល់ថ្ងៃកើតហេតុ ប្អូនប្រុសរបស់គាត់បានប្រទះឃើញជនសង្ស័យស្នាក់នៅបន្ទប់ជួល នៅភូមិកើតហេតុខាងលើ ក៏បានរត់មកប្រាប់ ពេលនោះរូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ ពេលទទួលបានពាក្យភ្លាម លោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះមកឃាត់ខ្លួនជនសង្ស័យចំនួន២នាក់យកមកសាកសួរនៅប៉ុស្តិ៍ដង្កោ ។
ជនសង្ស័យដែលឃាត់ខ្លួនបានទី១ មានឈ្មោះ សន តុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ ទី២ ឈ្មោះ ពេជ្យ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សាដែក មានស្រុកកំណើតភូមិកំពង់អុស ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពុងឆ្នាំង ទាំង២នាក់ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅកាន់អធិកានគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ