ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅប៉ះរថយន្ដមួយគ្រឿង និងរេចង្កូតទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងរបួសម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនម្នាក់បានបើករថយន្ដវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅប៉ះរថយន្ដនៅខាងមុខ និងរេចង្កូតបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន់ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីLet’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DE-0434 ។ ចំណែករថយន្ដដែលប៉ះទទួលរងការខូចខាតនោះម៉ាកLexusGS300 ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7989 ។ ដោយឡែករថយន្ដបង្កម៉ាក Mercedes-Benz C220 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-9446 អ្នកបើកបរដោយឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចុងព្រែក ឃុំអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង (ឃាត់ខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុគេបានឃើញអ្នកបើកបររថយន្ដបង្កម៉ាក Mercedes-Benz C220 បើកក្នុងទិសដៅពីជើងមកត្បួង លុះមកដល់ចំណុកើតហេតុក៏បន្ថែមល្បឿនវ៉ាប៉ះរថយន្ដម៉ាកLexusGS30នៅខាងមុខបើកស្របទិសគ្នា រួចជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបើកក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់និងធ្វើឲ្យរថយន្ដម៉ាក LexusGS30រងការខូចខាតផងដែរ ។ ចំណែកឯរថយន្ដបង្កបានជ្រុលទៅបុកបង្គលភ្លើងអគ្គិសនីបន្ថែមទៀតផង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្ដសាមុយ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងកសាងសំណុំរឿងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

IMG_3919 IMG_3921 IMG_3922


ចែករំលែក៖