ភ្នំពេញ: បុរសជនជាតិញូហ្សឺលែនម្នាក់ក្រោយពីផឹកស៊ីស្រវឹង បានដើររករឿងគេហើយចូលទៅក្នុងភោជនីយដ្ឋានបារាំងយីហោភែភឌីរ៉ាយស៍ វាយអ្នកគ្រប់គ្រងនៅក្នុងហាងនេះ មួយដៃបែកមាត់ត្រូវនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង០០និង៣០នាទី រំលងអធាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១៣៦ កែងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងនៅភោជនីយដ្ឋានខាងលើ ស្នាក់នៅផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ចំណែកជនបង្កជាជនជាតិញូវហ្សឺលែនមានឈ្មោះ Peter Miler ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មិនដឹងថាជនជាតិញូហ្សឺលែនម្នាក់វ័យ៥២ឆ្នាំម្នាក់នេះ មកពីផឹកស៊ីនៅកន្លែងណានោះទេបានដើរ ចូលទៅក្នុងហាងរបស់គាត់ ហើយដើរចង្អុលមុខភ្ញៀវប៉ាតណាប៉ាតណី។ ពេលឃើញដូច្នេះ ទើបគាត់បានទៅនិយាយហាមឃាត់កុំឲ្យចង្អុលមុខភ្ញៀវបែបនេះភ្ញៀវលែងចូលហូបក្នុងហាងគាត់ទៀតហើយ ប៉ុន្តែនិយាយមិនបានមាត់ផងស្រាប់តែជនជាតិបរទេសនោះស្ទុះទៅវាយគាត់មួយដៃចំមាត់ បណ្តាលឲ្យបែកមាត់ហូរឈាមពេញមាត់។ ពេលឃើញដូច្នេះក្រុមសន្តិសុខនិងអ្នករត់រ៉ឺម៉កម៉ូតូ បានចូលទៅទៅឃាត់តែត្រូវជនជាតិបរទេសរូបនេះរកវាយទៀត ទើបពួកគេនាំគ្នាព្រួតវាយជនជាតិបរទេសវិញ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញក្បាលតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់មកទើបសមត្ថកិច្ចនគរបាលមូលដ្ឋានទៅឃាត់បាន ជនបង្កនិងជនរងគ្រោះយកទៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ដើម្បីសួរនាំ។ យ៉ាងណាប្រជាពលរដ្ឋនៅម្តុំផ្លូវ១៣៦ក៏បានឲ្យដឹងដែរថា ជនជាតិបរទេសម្នាក់នេះកន្លងមកឲ្យតែស្រវឹងស្រាគឺដើររករឿងគេឯងជានិច្ច ។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕ ប្រាថ្នា