ភ្នំពេញ: បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនឯងនឹងចម្រឹងបង្អួច បន្ទាប់ពីបានបន្សល់ទុកពាក្យផ្តាំមួយច្បាប់ឲ្យប្រពន្ធជួយមើលថែកូនៗឲ្យបានល្អផង ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអាគារបុរីកីឡាទី៥ ជាន់ទី៥ បន្ទប់លេខ១៥ ភូមិ១២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ស៊ុន ស៊ីុថារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅអគារបុរីកីឡាទី៥ ជាន់ទី៥ បន្ទប់លេខ១៥ ភូមិ១២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើត ខេត្តកំពង់ធំ ។ ពីមុនបុរសរងគ្រោះប្រកបរបរជាអ្នករត់កង់បី មានប្រពន្ធមានឈ្មោះ ស្រី រត័្ន អាយុ២៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅអាគារបុរីកីឡាទី៥ ជាន់ទី៥ បន្ទប់លេខ១៥ ភូមិ១២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើត ខេត្តកំពង់ធំ ។
បើតាមសម្តីរបស់ប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចុះមកក្រោមដើម្បីទិញម្ហូប មួយស្ទុះក្រោយមក ក៏ស្រាប់តែប្តីរបស់គាត់បានតេទូរស័ព្ទមកប្រាប់ថា «បងលាអូនសិនហើយ ជួយមើលថែកូនៗឲ្យបានល្អផងណា» ភ្លាមៗនោះរូបគាត់ក៏បានរត់ឡើងមកមើល ស្រាប់តែឃើញប្តីរបស់គាត់ចងកនៅនឹងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ បន្សល់ទុកពាក្យផ្ដាំមួយច្បាប់ឲ្យរូបគាត់ជួយមើលថែកូនតូចប្រុសទាំង៣នាក់ អោយបានល្អផង ដែលកូនទី១អាយុ៥ឆ្នាំ កូនទី២អាយុ៣ឆ្នាំ និងកូនទី៣អាយុ១ខួប ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅដំកល់នៅវត្តដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី