ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែ បង្ហាញមោទនភាពអំពីគោលនយោបាយ របស់គណបក្សដែលធ្វើឱ្យប្រជាជននៅតែបន្តគាំទ្រឱ្យដឹកនាំប្រទេសពីដំណាក់កាលមួយឆ្ពោះទៅកាន់ដំណាក់កាលមួយ ។
ប្រមុខគណបក្សប្រជាជនកម្ពុជាសម្តេច តេជោ ហ៊ុន សែន លើកឡើងដូច្នេះក្នុង ឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៃក្រសួង ស្ថាប័ន ចំនួន៣គឺក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ នៅសាលមហោស្រព កោះពេជ្រកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៧ ។
សម្តេចបានសម្តែងអារម្មណ៍រីករាយ ដែលបានចូលរួមជួបជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីដែលជាសមាជិកបក្សមកពីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយសម្តេចថា ការអញ្ជើញមកជួបជុំគ្នា នៅថ្ងៃនេះគឺជាការអញ្ជើញតែសមាជិក គណបក្សតែប៉ុណ្ណោះ។ ដូច្នេះការជួបជុំគ្នា នៅថ្ងៃនេះមានលក្ខណៈពិសេសនៅត្រង់ថា មិនមែនជាការជួបជុំជាមួយមន្ត្រីរាជការទាំងអស់នោះទេ ហើយប្រធានបទដែល សម្តេចនឹងលើកឡើងនៅពេលនេះមិន មែនជាកិច្ចការដែលជាជំនាញរបស់ស្ថាប័ន នោះឡើយជាប្រធានបទដែលទាក់ទងនឹងការបោះឆ្នោត ។
សម្តេចតេជោបានបន្តទៀតថា ដោយដក ពិសោធន៍អំពីបញ្ហាដែលទាក់ទងនឹងការបោះឆ្នោតនោះហើយបានជាលើកនេះក្នុងឋានៈជាប្រធានគណបក្សសម្តេចតេជោ បានខិតខំដើម្បីធ្វើការជួបជុំប្រហែលជា ១០វគ្គក្នុងជំនួបដែលនៅសេសសល់ក្នុងនោះមន្ត្រីបក្សនៅខេត្តសៀមរាបសម្តេចក៏គ្រោងអញ្ជើញជួបនៅថ្ងៃទី១១ ខែមេសា ក្នុងពេលដែលសម្តេចមានវត្តមាននៅទីនោះដែលអាចមានការចូលរួមតាំងពីថ្នាក់ប្រធានភូមិដូចខេត្តកណ្តាលផងដែរ។
ក្នុងជំនួបនាថ្ងៃនេះសម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជាបានថ្លែងកោត សរសើរចំពោះគណបក្សនៃស្ថាប័នទាំង៣ ដែលបានខិតខំនៅក្នុងរយៈពេលកន្លងទៅ ដើម្បីសម្រេចភារកិច្ចដែលគណបក្សបានប្រគល់ជូន ។
សម្តេចតេជោបានបន្តថា តាមរយៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែល ជាផ្នែកដ៏សំខាន់បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសពីដំណាក់កាល មួយទៅកាន់ដំណាក់កាលមួយ ហើយបើ គិតពីការចាប់ផ្តើមរហូតមកដល់ពេលនេះ ជាប្រវត្តិដ៏វែងឆ្ងាយនៃការគ្រប់គ្រងអំណាច របស់គណបក្សនៅក្នុងប្រទេសរបស់យើង ដោយមិននិយាយទៅដល់គណបក្សដែលគ្រប់គ្រង ឬរដ្ឋាភិបាលដែលបានគ្រប់គ្រង អំណាចនៅក្នុងជំនាន់អាណានិគមនិយម បារាំងនោះឡើយ ។
ក្នុងន័យនេះសម្តេចតេជោចង់បង្ហាញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានកម្មវិធីគោលនយោបាយត្រឹមត្រូវ និងបានធ្វើជាស្នូលដ៏ល្អក្នុងការគ្រប់គ្រង ដឹកនាំរាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត នៅតែបន្តគាំទ្រ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងដឹកនាំប្រទេសឆ្ពោះទៅរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនជាបន្ត៕ ហេង សូរិយា