ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំ ខ្លួនក្រឡាបញ្ជីរបស់ខ្លួនឈ្មោះ ហង្ស សាមឿន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧កន្លងទៅ នោះលោក ហង្ស សាមឿន ក្រឡាបញ្ជី សាលាដំបូងខេត្តបន្ទាយមានជ័យត្រូវបានតុលាការដែលខ្លួនធ្វើការងារនោះសម្រេចឃុំខ្លួនហើយ ។

យោងតាមការបញ្ជាក់របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាលពី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួនឈ្មោះ ហង្ស សាមឿន ជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត។ លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា លោក សេង គីមឡាក់ ជា តំណាង អយ្យការបានសម្រេចចោទប្រកាន់ ឈ្មោះ ហង្ស សាមឿន ពីបទវីតិក្រម យោង តាមមាត្រា៥៩២ និងមាត្រា៥៩៣នៃក្រម ព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ប្រឆាំងអំពើពុករលួយ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា លោក ហង្ស សាមឿន បានយកអំណាច មុខងារ ភារកិច្ចរបស់ខ្លួនដែលច្បាប់ប្រគល់ឲ្យគាបសង្កត់ទារប្រាក់ពីជនរងគ្រោះដោយ គ្មានការខ្លាចញញើតអ្វីទាំងអស់។ នៅពេល ជនរងគ្រោះដែលមានសាលក្រមស្ថាពរ ហើយៗត្រូវមកសុំលិខិតបញ្ជាក់សាល ក្រមស្ថាពរ និងរូបមន្តអនុវត្តក្នុងនាមជា ក្រឡាបញ្ជីកាន់សំណុំរឿង ហង្ស សាមឿន ធ្វើទុក្ខបុកម្នេញអូសពេលវេលាឲ្យរង់ចាំនេះ រង់ចាំនោះ និងទារប្រាក់ជាថ្នូរទើប បំពេញភារកិច្ចរបស់ខ្លួន ។

គ្រាន់តែថ្លៃចុះផ្សាយព័ត៌មានលើទំព័រកាសែតលោក ហង្ស សាមឿន ទារមួយ ទំព័រ៧០ដុល្លារអាមេរិកសរុបប៉ុន្មានទំព័រ ត្រូវផ្តល់ឲ្យ១.០០០ដុល្លារ។ បំណងរបស់ ហង្ស សាមឿន ក៏តម្រូវឲ្យអ្នករងគ្រោះបង់ប្រាក់ឲ្យខ្លួនដល់៤ម៉ឺនដុល្លារអាមេរិក ឬ២ ម៉ឺនដុល្លារអាមេរិកបូកនិងកាត់ដីមួយដុំក៏ បានឬទាមទាររថយន្តម៉ាស្តាមួយគ្រឿងក៏បាន ៕ ហេង សូរិយា

aert


ចែករំលែក៖