ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ផាក ក្លាយជាប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវចាប់ខ្លួន

ចែករំលែក៖

អតីតប្រធានាធិបតី ផាក គឺនហេ (Park Geun-hye) បានក្លាយជាប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវបាននាំខ្លួនចូលទៅកាន់មន្ទីរឃុំឃាំង បន្ទាប់ពីតុលាការយល់ព្រមចេញដីកាចាប់ខ្លួនពាក់ព័ន្ធអំពើពុករលួយ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។

ទីភ្នាក់ងារព័ត៌មានយុងហាប់ ផ្សាយថា អតីតមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលត្រូវចាប់ខ្លួន គឺប្រធានាធិបតី Roh Tae-woo ដឹកនាំប្រទេសពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ១៩៩៣ ។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រោមបទចោទប្រកាន់ទទួលសំណូកសូកប៉ាន់ពីក្រុមហ៊ុនក្នុងស្រុក ដែលបច្ចុប្បន្នបានបិទទ្វារទៅហើយ ដូចជាក្រុមហ៊ុន Daewoo ជាដើម ។

ឆ្នាំបន្ទាប់មកទៀត, លោក Roh បានប្រឈមមុខការចោទប្រកាន់បន្ថែមទៀតទៅនឹងផ្លូវច្បាប់ពីបទចូលរួមបះបោរធ្វើរដ្ឋប្រហារយោធាថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៩ គឺក្រោយពីអតីតប្រធានាធិបតី លោក Park Chung-hee ត្រូវបានធ្វើឃាតដោយប្រធានចារកម្មសម្ងាត់របស់គាត់តែម្តងនៅក្នុងខែវិច្ឆិកា ឆ្នាំដដែលនោះ ។

នៅក្នុងខែមេសា ឆ្នាំ១៩៩៧ តុលាការកំពូល បានយល់ព្រមរក្សាសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលកាត់ទោសលោក Roh ជាប់គុក១៧ឆ្នាំ និងបង់ប្រាក់២៦២.៨ពាន់លាន(វ៉ុន) ស្មើប្រមាណ២៣៥លានដុល្លារអាមេរិក ។ ប៉ុន្តែក្រោយមក លោកប្រធានាធិបតី Kim Young-sam បានលើកលែងទោសចំពោះរូបគាត់ក្នុងខែធ្នូ ឆ្នាំ១៩៩៧ ស្ថិតក្រោមយុទ្ធនាការ «ភាពសុខដុមជាតិជាធំ» ។

ប្រធានាធិបតីទី២ដែលត្រូវចាប់ខ្លួន បន្ទាប់ពីលោក Roh នោះ គឺអតីតប្រធានាធិបតី Chun Doo-hwan ដែលដឹកនាំប្រទេសពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨ ។

លោក Chun Doo-hwan ត្រូវបានស្នើឲ្យមានវត្តមានបកស្រាយសំណួរកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៥ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកជាមេគំនិតរដ្ឋប្រហារយោធាក្នុងឆ្នាំ១៩៧៩ និងបញ្ជាឲ្យបង្ក្រាបបង្ហូរឈាមទៅលើចលនាគាំទ្រប្រជាធិបតេយ្យនៅទីក្រុង Gwangju ភាគនិរតី ចម្ងាយ៣២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ ។

លោកប្រធានាធិបតី Chun Doo-hwan បានបដិសេធការកោះហៅរបស់រដ្ឋអាជ្ញា និងបានប្រកាសថា វាជាហេតុផលនយោបាយប៉ុណ្ណោះ ។ ក្រោយមក គាត់បានចុះចេញពីតំណែង ទៅកាន់ស្រុកកំណើតរបស់ខ្លួននៅតំបន់ Gwangju ចង្ងាយ៣២០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល ក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ ។

រដ្ឋអាជ្ញាប្រទេសនេះបានចេញដីកាចាប់ខ្លួនលោកស្ថិតនៅតំបន់ Hapcheon ។ បន្ទាប់មក លោក Chun Doo-hwan បានប្រឈមមុខការចោទប្រកាន់បន្ថែមទៀតពីបទគៃបំបាត់ថវិការាប់ពាន់លានវ៉ុន ក្នុងអំឡុងពេលកាន់តំណែង ។

ខែមេសា ឆ្នាំ១៩៩៧ តុលាការកំពូល បានសម្រេចថា កាត់ទោសលោក Chun Doo-hwan ជាប់ពន្ធនាគារអស់មួយជីវិត និងបញ្ជាឲ្យបង់ប្រាក់២២០.៥ពាន់លានវ៉ុន ។ ប៉ុន្តែនៅក្នុងធ្នូ ឆ្នាំ១៩៩៧ លោក Chun Doo-hwan ត្រូវបានលើកលែងទោស ។

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៩ អតីតប្រធានាធិបតី Roh Moo-hyun ក៏ត្រូវរដ្ឋអាជ្ញាចោទប្រកាន់ផងដែរពាក់ព័ន្ធរឿងអាស្រូវពុករលួយក្រុមគ្រួសាររបស់លោក ។ ប៉ុន្តែក្រោយមកបណ្តឹងចោទប្រកាន់នោះ បានផ្អាក់ទៅវិញ ដោយសារតែ គាត់ធ្វើអត្តឃាតនៅក្នុងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ទៅនោះ ។

ជាមួយគ្នានេះដែរ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក់ គឺនហេ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធរឿងអាស្រូវពុករលួយ ដែលនាំឲ្យលោកស្រីខ្ចាត់ព្រាត់ចេញពីតំណែងនោះ ។

តុលាការទីក្រុងសេអ៊ូលបានចេញដីកាចាប់ឃុំខ្លួនលោកស្រី ផាក់ ពីបទស៊ីសំណូកសូកប៉ាន់ រំលោភលើអំណាចតួនាទី ធ្វើឲ្យបែកធ្លាយកិច្ចការសម្ងាត់រដ្ឋាភិបាល ។ រដ្ឋអាជ្ញា Kang Boo-young បានប្រកាសថា ការចាប់ខ្លួន ទទួលបានការយល់ព្រម ដោយសារតែមានភស្តុតាងពាក់ព័ន្ធដាក់បន្ទុកសមស្រប ។

លោកស្រី ផាក ត្រូវបណ្តេញចេញពីអំណាចកាលពីថ្ងៃទី១០ ខែមីនា ហើយក្រោយការសម្រេចរបស់តុលាការពេលនេះ លោកស្រីត្រូវបញ្ជូនទៅកាន់មន្ទីរឃុំឃាំងមួយនៅភាគខាងត្បូងទីក្រុងសេអ៊ូល និងក្រោយពីសវនាការរយៈពេល៩ម៉ោងរួចមក ។

សូមបញ្ជាក់ថា អំឡុងពេលសាកសួរដោយរដ្ឋអាជ្ញាកាលពីថ្ងៃអង្គារសប្តាហ៍មុន លោកស្រី ផាក បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់មកលើលោកស្រី ។ ប៉ុន្តែតុលាការនៅតែសម្រេចចាប់ខ្លួន បញ្ជូនទៅមន្ទីរឃុំឃាំងដដែលពីបទពុករលួយ ៕ ថាច់ យ៉ាត

ae (2)

រូបភាព៖ គេហទំព័រកូរ៉េខាងត្បូង

ae (1)


ចែករំលែក៖