ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើ ណុប ឌី កំពុងដឹកឈើម្រេញ៣ឡានឃ្លុបចេញពីខេត្តកំពង់ស្ពឺឆ្ពោះទៅច្រកបាក់ដៃ ខេត្តតាកែវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុននេះបន្តិច រថយន្តឃ្លុបផ្ទុកឈើម្រេញយ៉ាងតិច៣គ្រឿង បានចេញដំណើរពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅច្រកបាក់ដៃ ខេត្តតាកែវ ដើម្បីឆ្លងទៅប្រទេសវៀតណាម បន្ទាប់ពីឈ្មួញបានរត់ការបែងចែកលុយជាលក្ខណៈប្រព័ន្ធ ទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័នរួចរាល់នោះ ។

រថយន្តឃ្លុបដឹកឈើ៣គ្រឿងនេះ ១គ្រឿងពណ៌ទឹកដោះគោ ហើយជាឈើរបស់ឈ្មួញ ឈ្មោះ ណុប ឌី ដែលធ្លាប់ជំនួញឈើល្មើសច្បាប់ជាយូរឆ្នាំមកហើយ ប៉ុន្មានខែមុននេះ សមត្ថកិច្ចបានចាប់ឈើរបស់ណុប ឌី នៅស្រុកឱរ៉ាល់ និងថ្មីៗនេះផងដែរ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានចាប់រថយន្តដឹកឈើរបស់ណុប ឌី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចច្រកបាក់ដៃ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយ សង្ស័យសំណុំរឿងមួយនេះត្រូវបានផ្អឹមទុក ទើបឈ្មួញណុប ឌី មិនរាងចាល បន្តប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ដដែល ។ សកម្មភាពដឹកឈើរបស់ណុប ឌី ទាំងដឹកជញ្ជូនចេញពីខេត្តពោធិ៍សាត់ ចេញពីខេត្តកំពង់ស្ពឺ តែងតែឲ្យឈ្មោះ ជាតិ ជាអ្នករត់ការដើម្បីឆ្លងទៅប្រទេសវៀតណាមតាមច្រកបាក់ដៃ និងឈ្មោះ ឡាយ ណារិទ្ធ ស្នងការរង ទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តតាកែវ និងជាបងបង្កើតរបស់លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។

គេបានបង្ហើបថា ក្រោយពីសកម្មភាពរបស់ឈ្មួញឈ្មោះ ឆេង ឡុង និងកូនប្រសារឈ្មោះ ជី ស ផ្អាកសកម្មភាពដឹកជញ្ជូនឈល្មើសច្បាប់ ក៏លេចមុខណុប ឌី សារជាថ្មី ចេញមុខដឹកជញ្ជូនឈើម្រេញផ្តាច់មុខពីខេត្តកំពង់ស្ពឺទៅច្រកបាក់ដៃ ខេត្តតាកែវយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរខេត្តតាកែវ ពិតជាបានដឹងនៅក្នុងរឿងនេះ ខណៈបងបង្កើតរបស់គាត់ មានតួនាទីជាអ្នកបង្ក្រាបបទល្មើស បែរជាចេញមុខរត់ការ ដឹកជញ្ជូនឈើល្មើសច្បាប់ឆ្លងទៅវៀតណាមនេះ ។

លោកឡាយ ណារិទ្ធ ស្នងការរងខេត្ត និងលោក ជាតិ ដែលគេអះអាងថា ជាអ្នកចេញមុខរត់ការដឹកជញ្ជូនឈើល្មើសច្បាប់ទៅវៀតណាមនេះ នគរវត្តមិនអាចទាក់ទងបានទេនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ដោយឡែក លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ កន្លងទៅតាមទូរស័ព្ទ លោកមិនបានទទួលខុសត្រូវនៅក្នុងបទល្មើសទាំងនេះទេ តែងតែទម្លាក់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអាជ្ញាធរស្រុកឲ្យធ្វើការក្នុងរឿងនេះ ។

រថយន្តដឹកឈើម្រេញ៣គ្រឿងរបស់លោក ណុប ឌី អាចនឹងឆ្លងទៅប្រទេសវៀតណាមនៅក្នុងយប់នេះ បន្ទាប់ពីមានការចាត់ចែងរត់ការតាមផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយនោះ ៕ សហការី


ចែករំលែក៖