ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ដោយអះអាងថា បានទទួលរងការគំរាមកំហែងចង់កាប់សម្លាប់ ពីសំណាក់បុរសម្នាក់ទៀត ដែលជាប្អូនថ្លៃរបស់ខ្លួនជាញឹកញាប់ ហើយដោយសារតែខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ទើបដាក់ពាក្យបណ្ដឹងរក្សាទុក សុំឲ្យនគរបាលជួយដឹងឮ និងអន្តរាគមន៍ ក្រែងពេលប្អូនថ្លៃប្រព្រឹត្តលើរូបគេមែន។
បុរសដែលដាក់ពាក្យបណ្ដឹងនោះ ឈ្មោះទឺ ឈឿនអា យុ៣៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រពន្ធឈ្មោះ ជឿន ស្រីពៅ អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ អ្នកទាំង២ស្នាក់ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ។ ចំណែកជនសង្ស័យឈ្មោះ ទូច ភារ៉ា អាយុជាង៣០ ឆ្នាំមានស្រុក កំណើតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានប្រពន្ធឈ្មោះ ម៉ៅ រតនា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះ ជួលនៅក្នុងភូមិទួពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើនោះបាននិយាយថា ខ្លួនមានការភ័យខ្លាចយ៉ាងខ្លាំង មិនចង់ហ៊ានដើរទៅណាមកណានោះទេ សម្បីតែផ្ទះសឹងតែមិនហ៊ានចូលផង ព្រោះប្អូនថ្លៃខាងលើនោះ តែងតែដើរផឹកស្រាស្រវឹង ហើយពេលចូលផ្ទះ បាន គំរាមកាប់សម្លាប់ស្ទើររាល់ថ្ងៃ ។ ខ្លួនមិនបានដឹងថា ប្អូនថ្លៃម្នាក់នោះប្រើប្រាស់គ្រឿងញៀន ឬអត់នោះទេ ប៉ុន្តែនៅក្នុងរង្វង់គ្រួសារ មិនត្រូវជាមួយនរណាម្នាក់ទេ ហើយក្រៅពីការគំរាមកាប់សម្លាប់ ជននោះ បានវាយបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះខ្ទេចខ្ទីថែមទៀតផង។ ដោយសារតែខ្លាចពេក ទើបសម្រេច ទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយ ៕ សុខាសែនជ័យ