ភ្នំពេញ៖ ព្រឹត្តិការណ៍ កត្តញ្ញូរាត្រី ដើម្បីជួយលើកទឹកចិត្ត និងផ្តល់ការគាំទ្រកម្លាំងកាយចិត្តជូនដល់សិល្បករ សិល្បការិនីជើងចាស់ ដែលបាត់បង់សមត្ថភាពសម្តែង និងមានវ័យជរា នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងធ្វើវិភាគទានទឹកប្រាក់ចំនួនហ៥ម៉ឺនដុល្លារអាមេរិកដល់កម្មវិធីនេះផងដែរ ។
យោងតាមគេហទំព័រសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដែលបានវិភាគទាន៥ម៉ឺនដុល្លាអាមេរិកដល់ “មូលនិធិសិល្បៈចាស់ជរា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៥:៣០ល្ងាច ក្រោមអធិបតីភាពលោកហ៊ុន ម៉ាណែត នៅសណ្ឋាគារសុខាជ្រោយចង្វារ ។
ក្រៅពីការជួយវិភាគទានពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតីព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក៏មានការជួយឧបត្ថម្ភគាំទ្រពីបណ្តាអ្នកជំនួញមានមុខមាត់ជាច្រើនទៀតនៅកម្ពុជាផងដែរ មានដូចជាឧកញ៉ាហុង ពីវ, ឧកញ៉ាលាង ឃុន ឧកញ៉ា សៀ រិទ្ធី ឧកញ៉ាថៃ ជាហួត និងសប្បុរសជនជាច្រើនទៀត ។
លោកហេង ឡុង ថ្នាក់ដឹកនាំសមាគមសិល្បករស្ម័គ្រចិត្តជាមួយអ្នកនាងចន ច័ន្ទលក្ខិណា បានឲ្យដឹងថា នេះចាត់ជាប្រវត្តិសាស្ត្រមួយក្នុងសង្គមសិល្បៈខ្មែរ ដែលកន្លងមកមិនដែលមានឧកញ៉ារូបណាមានទឹកចិត្តជួយសិល្បករចាស់ៗបែបនេះឡើយ។ ដូច្នេះហើយ លោករីករាយ និងសង្ឃឹមថា មូលនិធិដែលផ្ដល់ក្ដីសង្ឃឹមដល់សិល្បករចាស់ៗ ដែលបាត់បង់លទ្ធភាពបម្រើសិល្បៈតទៅទៀតនោះ នឹងទទួលបានវិភាគទានពីអ្នកឧកញ៉ា ក៏ដូចជាសប្បុរសជននានាបន្ថែមទៀត ។
មូលនិធិ “សិល្បករចាស់ជរា” ត្រៀមនឹងប្រកាសជូននៅថ្ងៃទី៦ ខែមេសា ក្នុងកម្មវិធីធំមួយដែលផ្ដួចផ្ដើមដោយសមាគមសិល្បស្ម័គ្រចិត្តហៅថា “កតញ្ញូរាត្រី” ។ កម្មវិធីនេះ ក៏ជាការជួបជុំគ្នារវាងអ្នកឧកញ៉ា សប្បុរសជននានា ដើម្បីគៀងគររកការឧបត្ថម្ភបន្ថែមទៀត ទ្រទ្រង់មូលនិធិនេះឲ្យបន្តដំណើរទៅមុខផងដែរ ៕ វឌ្ឍនា