ភ្នំពេញ ៖ ឃ្លាំងរថយន្តយីហោហ៊ីយ៉ាន់ដាយមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ និងមានរថយន្តអគ្គីភ័យអន្តរាគមន៍ជាច្រើនគ្រឿង ។
ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅឃ្លាំងយីហោ លី អាន (តាស្វិត) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខហាងបញ្ចាំ និងបង់រំលោះ លី ហួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីកម្មករនៅឃ្លាំងខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកម្មករទាំងអស់កំពុងតែដេកលង់លក់ដំណេក លុះនៅម៉ោងកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន យ៉ាងសន្ធោរសន្ធៅទៅហើយ ។
ប្រភពបានបន្តថា ភ្លាមៗនោះកម្មករទាំងអស់បានរត់ទៅរកទុយយោទឹក និងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ តែមិនរលត់ក៏សុំជំនួយអន្តរាគមន៍ពីសមត្ថកិច្ច ក្រោយមក ក៏មានរថយន្តពន្លត់ខាងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចេញមកជួយបាញ់ពន្លត់៦គ្រឿង បាញ់ទឹកអស់៤គ្រឿង ទើបភ្លើងរលត់ទាំងស្រុងនៅម៉ោង០០និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។
ចំពោះការខូចខាត គេនៅមិនទាន់គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ គឺគ្រាន់តែដឹងថា ខូចខាតរថយន្តទាំងស្រុង៥គ្រឿ ងក្នុងនោះក្បាលរថយន្តមិនមានតួចំនួន៤គ្រឿងផងដែរ ។ មូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយទេ ហើយក៏មិនមានអ្នករងរបួសគ្រោះថ្នាក់ក្នុងហេតុការណ៍នេះដែរ ៕ ជឹម ភារ៉ាដង្កោ