ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានជនសង្ស័យករណីលួចម៉ូតូស្រាប់តែបញ្ជូនមកតុលាការស្រែកច្រៀងថាមកពីម្ចាស់ប្រហែសពេកមិនយកសោរចេញម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀងៈ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ពន្ធ័នឹងករណីចូលផ្លោះរបងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ OLOC ដើម្បីលូចម៉ូតូស្កុបពី១គ្រឿង ដែលម្ចាស់មិនបានដកសោត្រូវសន្តិសុខឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ពាក់ពន្ធ័នឹងករណីនេះ លោកគឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅរសៀលថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខុម សំអុល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិកណ្ដាល ឃុំធ្លក ស្រុកស្វាយជ្រំ ។

ប្រភពបន្តថា កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងការិយាល័យគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ OLOC មានជនសង្ស័យម្នាក់ បានជិះកង់មកឈប់ ហើយក៏បានផ្លោះរបងចូលលួចម៉ូតូ ស្កុបពី ពណ៌សរមួយគ្រឿង ខណៈបណ្ដើរចេញ ក៏ត្រូវបានសន្តិសុខភ្ញាក់ឃើញទាន់ ក៏ចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ចនគរបាលក្រុងតែម្ដង ។

ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺជនសង្ស័យនិយាយបែបកំប្លែងដាក់សមត្ថកិច្ចថា មូលហេតុដោយសារតែលោកម្ចាស់ម៉ូតូ និងល្ងង់ពេកមិនព្រមដកសោចេញ ទើបគេធ្វើសកម្មភាពបែបនេះហើយ ស្រាប់តែបញ្ជូនមកតុលាការ ជនសង្ស័យធ្វើដូចមនុស្សឆ្កួតសរសៃប្រសាទ ច្រៀងលេង និងរាំបែបកំប្លែងទៅវិញ ។

ប្រភពបន្តថា ទោះបីជាយ៉ាងណា ការធ្វើជាច្រៀងបែបកំប្លែងនេះ សមត្ថកិច្ចរកមិនឃើញមានឯកសារណាមួយជាមនុស្សសរសៃប្រសាទនោះទេ ហើយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បុរសរូបនេះបានបញ្ជូនមកពន្ធនាគារខេត្តស្វាយរៀងហើយ ៕ យឹម សុថាន

VID-20170403-WA0001

 


ចែករំលែក៖