ខេត្តកំពង់ចាម៖ ស្នូរសំឡេងគ្រាប់B40ដែលសល់ពីអតីតកាលមួយបានផ្ទុះលាន់ឡើងយ៉ាងកក្រើកធរណី ដោយសារតែក្មេងប្រុស២នាក់ ដើរដាក់អន្ទាក់សត្វ ហើយបានរើសគ្រាប់មិនទាន់ផ្ទុះនោះ យកមកដំលេង និងបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុឯម្នាក់ទៀតបានរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។
លោក ប៉ាក់ ជាតិ អធិការស្រុកស្ទឹងត្រង់បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ទី១ឈ្មោះ យ៉ន ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ (ស្លាប់) និងជនរងគ្រោះទី២.ឈ្មោះ ឃ្លោក ឆ្វៀត ភេទប្រុសអាយុ១១ឆ្នាំមានទីលំនៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(រងរបួសធ្ងន់)។
លោកអធិការក៏បានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានករណីនេះកើតឡើងគឺដោយសារ ជនរងគ្រោះទាំងពីរបានដើរដាក់អន្ទាក់សត្វហើយឃើញគ្រាប់នៅក្នុងចំការ ក៏បានរើសយកមកដល់ផ្ទះ និងបានដំលេងបណ្តាលឲ្យផ្ទុះតែម្តង ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺជាប្រភេទគ្រាប់ B40 ដែល នៅ សេសសល់ ពី សម័យ សង្គ្រាម ។
លោកបានបន្តថា ករណីនេះ ក្រោយកើតហេតុភ្លាម និងបន្ទាប់ពីសមត្ថកិច្ចជំនាញពាក់ពន្ធ័ត្រួតពិនិត្យរួច សាកសពជនរងគ្រោះដែលស្លាប់ត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្បតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ៕ វណ្ណះ