ខេត្តស្ទឹងត្រែង៖ ក្រោមស្មារតីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ តាមសាលារៀនជនបទក្នុងប្រទេសកម្ពុជាគម្រោង “សាលារៀនសុវត្ថិភាព” ត្រូវបានសម្ពោធឡើងកាលពីឆ្នាំមុនក្នុងខេត្តស្ទឹងត្រែងដោយមូលនិធិព្រូដិនស៍ដែលជាមូលនិធិមនុស្សធម៌នៃក្រុមហ៊ុនPrudential Corporation Asia ទីស្នាក់ការថ្នាក់កណ្តាលប្រចាំតំបន់ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ។
ដោយបានផ្តួចផ្តើមឡើង ក្នុងឆ្នាំ២០១៣ គម្រោង“សាលារៀនសុវត្ថិភាព” គឺជាកម្មវិធីកសាងសមត្ថភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយថ្នាក់តំបន់មួយរបស់មូលនិធិព្រូដិនស៍ដែលបាននិងកំពុងអនុវត្តនៅទូទាំងតំបន់អាស៊ានក្រោមភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលល្បីឈ្មោះជាច្រើនសំដៅជួយលើកកម្ពស់ភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិសម្រាប់សិស្សានុសិស្សនិងលោកគ្រូ-អ្នកគ្រូក្នុងសហគមន៍ងាយរងគ្រោះ ។ កម្មវិធីនេះមានសសរស្តម្ភស្នូលបី គឺទីតាំងសិក្សាមានសុវត្ថិភាពការគ្រប់គ្រងគ្រោះមហន្តរាយក្នុងសាលា និងការអប់រំភាពធន់ និងកាត់បន្ថយហានិភ័យ ។
ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតដល់សាលាក្នុងមូលដ្ឋាន និងអ្នកអនុវត្តកម្មវិធីក្រុមការងារស្ម័គ្រចិត្តមួយក្រុមធំ ដែលរួមមានបុគ្គលិកនិងទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបុគ្គលិកធនាគារអេស៊ីលីដាក្នុងខេត្តស្ទឹងត្រែងក៏ដូចជាតំណាងពីអង្គការភ្លែនអន្ដរជាតិដែលអនុវត្ដគម្រោងនេះបានធ្វើទស្សនកិច្ចទៅដល់មូលដ្ឋានសាលាបឋមសិក្សាពងទឹក ស្ថិតក្នុងភូមិពងទឹក ឃុំអូរ៉ៃស្រុកថាឡាបរិវាត់កាលពីពេលថ្មីៗកន្លងទៅ ។ ក្រុមការងាររួមជាមួយនិងសមាជិកសហគមន៍ក្នុងមូលដ្ឋានបានអនុវត្តសកម្មភាពដូចជាសាងសង់របងថ្មីបំពាក់ផ្លាកសញ្ញាថ្មីជួសជុលគ្រលុកនៅជុំវិញបរិវេណសាលានិងជួសជុលកំណាត់ផ្លូវទៅសាលាបឋមសិក្សាពងទឹកដែលរងការខូចខាត ។
លោកទូច ថាវរិទ្ធ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ បានមានប្រសាសន៍ថា“ទាំងបុគ្គលិកក្រុមហ៊ុនក៏ដូចជាប្រជាពលរដ្ឋឱពុក-ម្តាយលោកគ្រូ-អ្នកគ្រូនិងអង្គការជាដៃគូរបស់យើងបានជុំគ្នាដើម្បីសហការគ្នាធ្វើឲ្យសាលារៀនពងទឹកនេះ មានសុវត្ថិភាពជាងមុន ។ នេះគឺជាផ្នែកមួយនៃការអនុវត្តគម្រោង“សាលារៀនមានសុវត្ថិភាព” ដែលគាំទ្រដោយមូលនិធិព្រូដិនស៍និងអនុវត្តដោយអង្គការភ្លែនអន្តរជាតិជាមួយនឹងអង្គការមូលនិធិសិទ្ធិកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះយើងសង្ឃឹមថា នឹងជួយឲ្យកុមារកម្ពុជា ក៏ដូចជាសាលារៀននៅក្នុងប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាពបន្ថែមទៀត ចំពោះកុមារយើងហើយកុមារនឹងមានបរិយាកាសនៃការសិក្សាកាន់តែល្អប្រសើរដែលធ្វើឲ្យឲ្យគាត់មានចិត្តចង់រៀនហើយការសិក្សារបស់គាត់កាន់តែមានការរីកចំរើនទៅមុខថែមទៀត។”
យោងតាមអង្គការភ្លែនអន្តរជាតិគម្រោងនេះ ដែលកំពុងត្រូវបានអនុវត្តនៅសាលាដែលមានហានិភ័យខ្ពស់ចំនួន១៥ក្នុងខេត្តស្ទឹងត្រែងបានទទួលភាពជោគជ័យគួរកត់សម្គាល់។តាមរយៈគម្រោងនេះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយសាលាកំពុងត្រូវបានបង្កើតឡើងនៅតាមសាលាទាំង១៥ ការវាយតម្លៃគ្រោះថ្នាក់ភាពងាយរងគ្រោះ និងសមត្ថភាពត្រូវបានអនុវត្តហើយផែនការគ្រប់គ្រងគ្រោះមហន្តរាយមួយ នឹងត្រូវបានតាក់តែងឡើងសម្រាប់សាលានីមួយៗ ដើម្បីជួយកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងទៀតក៏ដូចជាលើកកម្ពស់សុវត្ថិភាពសម្រាប់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងសមាជិកក្នុងសហគមន៍។
លោក ថង ដេង នាយកសាលាបឋមសិក្សាពងទឹកបាននិយាយថា “ថ្ងៃនេះខ្ញុំមានចិត្តត្រេកអរសប្បាយរីករាយឥតឧបមាគ្មានអ្វីប្រៀបបានដែលបានឃើញអង្គការមកចូលរួមក្នុងសកម្មភាពរបស់ខ្ញុំដើម្បីធ្វើឲ្យសាលាមានសុវត្ថិភាព។នេះគ្រាន់តែផ្សព្វផ្សាយជាលើកទីមួយទេទៅមុខទៀតដល់ពេលដែលគាត់យល់ច្បាស់ គឺប្រជាពលរដ្ឋយល់ច្បាស់ពី “សាលាមានសុវត្ថិភាព”នោះនឹងមានការរីកចំរើននិងការអភិវឌ្ឍនៅក្នុងភូមិ-ឃុំនិក្នុងសាលារៀន។”គេរំពឹងទុកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ គម្រោងនេះ នឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដែលនឹងជួយបង្កើតបរិយាកាសរៀនសូត្រ ដែលមានសុវត្ថិភាពសម្រាប់កុមារ និងយុវវ័យកម្ពុជា៕ វឌ្ឍនា